ស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន ចូលរួមឧបត្ថម្ភប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា
ឯកឧត្តមអ្នកឧកញ៉ា កុក អាន ស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន រួមទាំងលោកជំទាវព្រមទាំងក្រុមគ្រួសារបានចូលរួមឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលថវិកានេះនឹងត្រូវបានប្រើប្រាស់សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអ្នកឧកញ៉ា កុក អាន រួមទាំងលោកជំទាវព្រមទាំងក្រុមគ្រួសារក៏សូមអំពាវនាវដល់ប្រជាជនខ្មែរ សូមរក្សាអនាម័យនិងអនុវត្តនូវវិធានការការពារដែលកំណត់ដោយស្ថាប័នជំនាញ ហើយសូមជូនពរដល់ជូនរួមជាតិទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយនិងសូមជៀសផុតអំពីជំងឺដ៏កាចសាហាវនេះ។ ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំនួយដែលនឹងត្រូវបានផ្តល់ដល់រាជរដ្ឋាភិបាលគឺដើម្បីសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាជនកម្ពុជាពីការរាតត្បាតនៃវីរុសកូវីដ១៩ដែលកំពុងតែគំរាមកំហែងនៅទូទាំងពិភពលោកនោះ។
ក្រៅពីលោក កុក អាន ក៏នៅមានអ្នកដឹកនាំស្ថាប័នរដ្ឋជាច្រើននាក់ទៀតចូលរួមឧបត្ថម្ភក្នុងសកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នេះផងដែរ ខណៈរាជរដ្ឋាភិបាលបានកំណត់ទីតាំងចំនួន ២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួសសប្បុរស៖ កន្លែងទី១៖ នៅគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានទីតាំងនៅក្រសួងសុខាភិបាល និងកន្លែងទី២៖ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀតជាអ្នករងចាំទទួល៕