កែវ សុខង៉ន៖ ទោះមិនអាចប្រមូលផ្តុំបាន តែកីឡាករត្រូវហ្វឹកហាត់ដោយខ្លួនឯង
អ្នកចាត់ការក្រុមភ្នំពេញក្រោនប្រាប់ថា លើកឡើងក្រោយពីសហព័ន្ធបាល់ទាត់កម្ពុជាប្រកាសពន្យាពេលប្រកួតលីគ ខណៈដែលការប្រមូលផ្តុំហ្វឹកហាត់របស់កីឡាករក៏ត្រូវបានផ្អាកសិនដែរ ដោយសារការការពារពីជំងឺថ្មីកូវីដ ១៩ កុំឲ្យរីរាលដាល។
អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះ បាននិយាយថា៖ ក្លិបបានរៀបចំការហ្វឹកហាត់ដោយខ្លួនឯងសម្រាប់កីឡាករ ដោយផ្ញើលំហាត់តាមអនឡាញ។ ហើយតាំងពីប្រកួតឈ្នះក្រុម អង្គរថាយហ្គឺរ ១ទល់០ កាលពីសប្តាហ៍ទី៥ កន្លងមក ក្លិបបានអនុញ្ញាតឲ្យកីឡាករសម្រាក ០៣ថ្ងៃ ហើយរហូតដល់ថ្ងៃប្រកាសរបស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC ក៏បានបន្តឈប់ថែមទៀត ដូច្នេះមានតែឲ្យកូនក្រុមហាត់ជាឯកជនវិញ។ កីឡាករទាំងអស់នឹងវិលត្រលប់មកក្លិបវិញនៅថ្ងៃចន្ទ ទី២៣ មីនា តែក្នុងពេលនោះដែរ នឹងមានការធ្វើតេស្ដពិនិត្យសុខភាពពួកគេជាមុនសិនដើម្បីវាយតម្លៃមើលថាតើអាចហាត់ជុំគ្នាវិញឬយ៉ាងណា។
គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោន កំពុងឈរកំពូលតារាងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ គិតត្រឹមសប្តាហ៍ទី៥ ដោយកំពុងមាន ១៣ពិន្ទុក្នុងដៃ ស្មើគ្នាជាមួយក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ៕
រូបកាលនៅជាកីឡាករ