EURO 2020 ត្រូវពន្យាពេល១២ខែ ខណៈក្របខ័ណ្ឌបាល់ទាត់អឺរ៉ុបទាំង៥ស្ថិតក្នុងភាពស្រពិចស្រពិល
ព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប EURO 2020 ត្រូវបានពន្យាពេលប្រកួតចំនួន១២ខែដោយនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២១វិញ ពីព្រោះតែការរីករាលដាលនៃវីរុសកូរ៉ូណា COVID19។
ជាក់ស្តែងការសម្រេចនេះធ្វើឡើងក្រោយពីមានការស្នើរបស់សហព័ន្ធបាល់ទាត់ប្រទេសមួយចំនួន ដោយសារតែបញ្ហាជំងឺកូរ៉ូណាវាយលុយតាមបណ្តាទ្វីបអឺរ៉ុប។ ក្បាលម៉ាស៊ីនបាល់ទាត់អឺរ៉ុបក៏បានផ្អាកការប្រកួតពានរង្វាន់ UEFA Champions League និង UEFA Europa League ជាបណ្តោះអាសន្នសិនដែរ ស្របពេលដែលការប្រកួតមួយចំនួនត្រូវបានផ្អាក។
ករណីនេះមានន័យថា ការប្រកួតដែលគ្រោងធ្វើឡើងពីថ្ងៃទី ១២ ខែមិថុនា ដល់ ១២ ខែកក្កដា ខាងមុខនោះ នឹងធ្វើឡើង នៅថ្ងៃទី ១១ ខែមិថុន ដល់ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំក្រោយវិញ។
យ៉ាងណាក្តី ក្របខ័ណ្ឌបាល់ទាត់កំពូលជាច្រើនដូចជា Premier League, Serie A, La Liga, Ligue1 និង Bundesliga ក៏កំពុងស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិលផងដែរ ស្របពេលដែលបច្ចុប្បន្ននេះត្រូវបានផ្អាកជាបណ្តោះអាសន្នរហូតដល់ខែមេសាខាងមុខនេះ ដោយរងចាំការសម្រេចជាបន្តទៀត។
ដោយឡែក ព្រឹត្តិការណ៍ Copa America 2020 ក៏ត្រូវបានផ្អាកដូចគ្នា យោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង។ ការសម្រេចចិត្តខាងលើគឺធ្វើឡើង ក្រោយពីមានការព្រួយបារម្ភពីការរីករាលដាលនៃវីរុសកូរ៉ូណា ដែលអាចនាំចូលតាមរយៈអ្នកដំណើរពីទ្វីបអឺរ៉ុប មកទស្សនាព្រឹត្តិការណ៍នេះ។