កងមឿងឆាង ថាមកប្រកួតស្រុកខ្មែរចង់ជួប រឿង សោភ័ណ្ឌ ជាងគេ
អ្នកប្រដាល់របស់ថៃ កងមឿងឆាង បានបង្ហើបថាការមកប្រកួតនៅស្រុកខ្មែរម្តងៗ បំណងប្រាថ្នារបស់គេចង់ប្រកួតជាមួយកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ជាងកីឡាករណាៗទាំងអស់ ព្រោះតែរូបគេនៅតែមិនអស់ចិត្តក្នុងការចាញ់កីឡាកររូបនេះម្តងរួចមកហើយក៏មិនធ្លាប់បានប៉ះគ្នាទៀតដែរ ។
ក្រោយឈ្នះកីឡាករ នី សុភី ជាលើកទី៤ ក្នុងការប្រកួតចុងក្រោយនៅទឹកដីកម្ពុជាអ្នកប្រដាល់ថៃរូបនេះបានបញ្ជាក់ថាដៃគូដែលគេចង់ប៉ះបំផុតសម្រាប់ការមកស្រុកខ្មែរគឺដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ហើយរូបគេសង្ឃឹមថាបំណងរបស់គេនឹងបានសម្រេចនៅពេលមកប្រកួតនៅស្រុកខ្មែរនាពេលបន្ទាប់ ។
កងមឿងឆាង ជាកីឡាករថៃមួយរូបដែលធ្លាប់ប៉ះជើងខ្លាំងស្រុកខ្មែរច្រើនរួចមកហើយដូចជា ឡៅ ចន្ទ្រា , ធឿន ធារ៉ា , រឿង សោភ័ណ្ឌ , នី សុភី ជាដើម ខណៈរូបគេធ្លាប់ចាញ់ រឿង សោភ័ណ្ឌ ម្តងក្នុងការប្រកួតលក្ខណៈម៉ារ៉ាតុន ដែលមាន៣ ទឹក កាលពីឆ្នាំ ២០១៨ ហើយរូបគេក៏មិនចិត្តសម្រាប់ការប្រកួតចាញ់នោះដែរ ហើយក្រោយមកពួកគេមិនដែលបានប៉ះគ្នានោះទេ ក្នុងមានតែ ឡៅ ចន្ទ្រា ម្នាក់គត់ដែលធ្លាប់ឈ្នះរូបគេចំនួន ២ដង ស្មើម្តង និងចាញ់រូបគេម្តង ក្រៅពីនោះមិនទាន់មានកីឡាករខ្មែរណាឈ្នះរូបគេឡើយ ៕