ឡុង សំណាង រំពឹងរកបាន៣ពិន្ទុក្នុងការប្រកួតបើកឆាកខ្សែក្រវាត់
កម្មវិធីជម្រុះខ្សែក្រវាត់អធិរាជកម្លាំងរេដអាន នឹងចាប់ផ្តើមប្រកួតបើកឆាកនៅថ្ងៃ អាទិត្យ ទី ១៥ ខែ មិនា នេះហើយនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។ បេក្ខភាគគុនខ្មែរ ឡុង សំណាង ដែលត្រូវជួបកីឡាករថៃក្នុងជុំដំបូងនេះរំពឹងថានឹងអាចរកបាន៣ពិន្ទុមុនគេ ។
កូនសិស្សរបស់លោក ឡុង សាលវ័ន្ត មិនទាន់ស្គាល់សមត្ថភាពដៃគូប្រកួតរបស់គេច្បាស់នៅឡើយទេ ប៉ុន្តែឆ្លងកាត់បទពិសោធប្រកួតជាមួយកីឡាករថៃកន្លងមកធ្វើអោយរូបគេបានត្រៀម រួចរាល់ហើយសម្រាប់យក៣ពិន្ទុក្នុងថ្ងៃប្រកួត ។អ្នកប្រដាល់ខេត្តត្បូងឃ្មុំ បន្ថែមថាក្បាច់ដែលគេពង្រឹងបន្ថែមនាពេលនេះគឺកម្លាំង ការទាត់ និង ចូលប្រើជង្គង់ ជាដើម ពីព្រោះចំណុចទាំងនេះសុទ្ធតែជាអ្វីដែលកីឡាករថៃប្រើច្រើននៅពេលប្រកួតខ្លួន នាពេលកន្លងមក ។
សូមបញ្ជក់ថា ការប្រកួតជម្រុះខ្សែក្រវាត់អធិរាជកម្លាំងរេដអានសប្តាហ៍ដំបូងនេះកីឡាករគុនខ្មែរ ឡុង សំណាង ត្រូវប៉ះកីឡាករថៃ ស៊ិណាមី ចំណែក ឌុម កែវដា ប្រកួតជាមួយកីឡាករថៃភិតឧដន កម្មវិធីចាប់ផ្តើមផ្សាយផ្ទាល់នៅម៉ោង ៨ ព្រឹកពីស្ថានីយ៍ទូរទស្សន៍ CNC ៕