Gattuso នៅតែនិយាយថា Messi គឺជាឧបសគ្គរបស់ Napoli
(BC-99)
អ្នកចាត់ការទូទៅក្រុម Napoli លោក Gennaro Gattuso បាននិយាយនៅមុនពេលក្រុមរបស់គាត់ត្រូវប្រកួតជាមួយ Barcelona ក្នុងពានរង្វាន់ UEFA Champions League នៅយប់ថ្ងៃអង្គារថា “អ្នកមិនអាចបញ្ឈប់ Lionel Messi បានទេ” ។
អតីតក្រុមជម្រើសជាតិអ៊ីតាលីនឹងដឹកនាំក្រុម Napoli ទទួលស្វាគមន៍ Barca នៅកីឡដ្ឋាន Stadio San Paolo នៅក្នុងជំនួប UEFA Champions League វគ្គ ១៦ ក្រុមចុងក្រោយជើងទី ១។ លោក Gattuso បានប្រាប់អ្នកយកព័ត៌មានថា “អ្នកមិនអាចបញ្ឈប់ Messi បានទេប៉ុន្តែកីឡាកររបស់ក្រុមខ្ញុំត្រូវតែព្យាយាម។ យើងកំពុងលេងជាមួយ Barcelona ហើយក៏មិនមែនមានតែ Messi ម្នក់ដែរ។ យើងនឹងសាកល្បងរឿងមួយចំនួនហើយបន្ទាប់មកយើងនឹងបានឃើញលទ្ធផល”។
Napoli បានឈ្នះ ៦ ដងក្នុងចំណោម ៧ ប្រកួតចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់ហើយពួកគេសង្ឃឹមថានឹងធ្វើឱ្យ Barcelona ភ្ញាក់ផ្អើលនៅឯផ្ទះរបស់ខ្លួនមុនពេលពួកគេធ្វើដំណើរទៅទឹកដី Camp Nou សម្រាប់ការប្រកួតជើងនៅថ្ងៃទី ១៨ ខែមីនា។
Messi បានខកខានក្នុងការរកគ្រាប់បាល់ក្នុងការក្របខណ្ឌ La Liga ចំនួន ៤ ប្រកួតមុនពេល Barcelona ធ្វើជាម្ចាស់ផ្ទះប៉ះ Eibar កាលពីថ្ងៃអាទិត្យដែលខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រូបនេះបានវិលទៅរកភាពខ្លាំងរបស់គេវិញនិងស៊ុតបាល់បាន ៤ គ្រាប់ជួយអោយក្រុមឈ្នះ ៥-០។
គួរបញ្ជាក់ថាទាំងក្រុមកីឡាកររបស់អ្នកមានបុណ្យ FC Barcelona និង Napoli ក៏ត្រូវបានគេត្រួតពិនិត្យសុខភាពស្វែងរកជំងឺរលាកសួតជាមុនផងដែរមុនការប្រកួតចាប់ផ្តើមនៅយប់ ថ្ងៃអង្គារ៍ ទី ២៥ នេះ។ ក្នុងនោះអ្នកទស្សនាទាំងអស់ក៏ត្រូវវាស់ស្ទង់កម្តៅមុននឹងចូលទស្សនាផងដែរ។