Siem Reap Derby រសៀលនេះ រដូវកាលមុនឈ្នះម្តងម្នាក់ ចុះរសៀលនេះ?
ការប្រកួតដ៏ធំរវាងក្រុម អង្គរថាយហ្គឺរ ជាមួយ សូលទីឡូអង្គរ ដែលក្រុមទាំងពីរមានមូលដ្ឋាននៅក្នុងខេត្តសៀមរាបដូចគ្នា ដែលហៅថា Siem Reap Derby ខណៈជំនួបនេះធ្វើឡើង នាវេលាម៉ោង ៣:៣០ នាទីរសៀលនេះ នាកីឡដ្ឋាន SRUក្នុងក្របខ័ណ្ឌ Metfone Cambodian League សប្ដាហ៍ទី ២។
បើនិយាយអំពីរការប្រកួតប៉ះគ្នា រដូវកាលមុនឆ្នាំ ២០១៩ ក្រុមទាំងពីរបានប្រកួតប៉ះគ្នាចំនួន ២ លើកក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដោយក្នុងនោះក្រុមអង្គរថាយហ្គឺរ ឈ្នះ១ និងចាញ់១ ពោលគឺ ជើងទី១ អង្គរថាយហ្គឺរ ឈ្នះ សូលទីឡូអង្គរ ដោយលទ្ធផល ៣ទល់១ ស្របពេលដែលជើងទី២ សូលទីឡូអង្គរ បានយកឈ្នះ អង្គរថាយហ្គឺរ វិញក្នុងលទ្ធផល ២ទល់១ ។ កាលពីសប្ដាហ៍ទី១ ក្រុមខ្លាទឹកក្រូចអង្គរថាយហ្គឺរ បានប្រកួតស្មើគ្នា ១ទល់១ ជាមួយក្រុមបឹងកេត ក្នុងកីឡដ្ឋាន SRU ខណៈក្រុម សូលទីឡូអង្គរ បានចាញ់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៥ទល់នឹង១ នៅកីឡដ្ឋានខេត្តស្វាយរៀង។
គួបញ្ជាក់ផងដែរថា ការប្រកួតនាសប្តាហ៍ទី២ ថ្ងៃអាទិត្យនេះ ក៏មាន ២គូ ផ្សេងទៀតដែរ ពោលគឺ កងយោធពលខេមរភូមិន្ទ ជាមួយ អាសុីអឺរ៉ុប យូណាធីត លើកីឡដ្ឋានស្ពតផាក់ ស្របពេលដែល យុវជនបាទីអាយុក្រោម១៨ឆ្នាំ ត្រូវទទួលស្វាគមន៍ ភ្នំពេញក្រោន លើវាលស្មៅកីឡដ្ឋានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ខណៈការប្រកួតទាំងអស់ធ្វើឡើង នាវេលាម៉ោង ៣:៣០ នាទីរសៀលដូចគ្នា៕