David Beckham ថតបង្ហាញកីឡដ្ឋាននៃក្លឹប Inter Miami របស់ខ្លួនមុនការប្រកួត MLS ចូលមកដល់
(BC-99)
វីរបុរសបាល់ទាត់ អង់គ្លេស អាយុ ៤៤ ឆ្នាំ David Beckham បានបង្ហាញអារម្មណ៍រីករាយថា ក្តីសុបិន្តរបស់លោកកំពុងក្លាយជាការពិតហើយខណៈដែលក្រុមថ្មី Inter Miami នេះគ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេក្នុងក្របខណ្ឌ MLS ក្នុងរយៈពេល ៤០ ថ្ងៃទៀត។
អតីតតារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United ដែលបានចំណាយពេល ៥ ឆ្នាំនៅ MLS ជាមួយ LA Galaxy រហូតដល់ឆ្នាំ ២០១២ បានថតរូប Selfie បង្ហាញរូបភាពទីលាន Fort Lauderdale របស់ក្រុម Inter Miami របស់ខ្លួនដែលបានចំណាយទឹកប្រាក់ក្នុងការសាងសង់ប្រហែលជា ៥០ លានផោន។ ទីលាននេះមានកៅអីពណ៌ផ្កាឈូកលាយពណ៌ខ្មៅដែលមើលទៅមានសភាពស្រស់ស្អាតទាក់ទាញភ្នែកក្រៃលែង។
Inter Miami នឹងប្រកួតក្នុងក្របខណ្ឌ MLS ២០២០ ជាលើកដំបូងរបស់ខ្លួនដោយពីរប្រកួតដំបូងនឹងធ្វើដំណើរទៅប្រកួតជាមួយក្រុម LAFC និងក្រុម DC United តែការប្រកួតសប្តាហ៍ទី ៣ របស់ខ្លួន Inter Miami នឹងបើកទ្វារផ្ទះ Fort Lauderdale ដើម្បីស្វាគមន៍ក្រុមចាស់របស់ Beckham LA Galaxy វិញម្តង។
នៅក្នុងគណនី Instagram របស់អតីកីឡាករ Real Madrid រូបនេះបានសរសេរបន្ថែមពីលើរូបភាពទីលានដែលអាចផ្ទុកអ្នកទស្សនាចំនួន ១៨,០០០ នាក់នេះថា “រាប់ថយក្រោយចំនួន ៤០ ថ្ងៃ ក្តីសុបិន្តរបស់ខ្ញុំកំពុងក្លាយជាការពិតហើយ @intermiamicf” ។
ទោះជាយ៉ាងណាក៏ដោយក៏មានក្រុមអ្នកគាំទ្រនៅតែបង្ហាញពីការព្រួយបារម្ភរបស់ខ្លួននៅពេលដែលពួកគេបានឃើញកន្លែងស្នាក់នៅរបស់កីឡាករកំពុងតែឋិតក្រោមការសាងសង់នៅឡើយ។ តែត្រង់ចំនុចនេះ Beckham បានធ្វើការបញ្ជាក់ដែរថានឹងពន្លឿនការសាងសង់អោយចប់លឿនជាងពេលវេលាកំណត់។