Kylian Mbappe និងលោក Thomas Tuchel ប៉ះទង្គិចពាក្យសម្តីគ្នាក្នុងខណៈពេលដែល PSG ប្រកួតឈ្នះ Montpellier ៥-0
(BC-99)
កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe បានបញ្ចេញកាយវិការឆ្លើយតបដោយមិនពេញចិត្តចំពោះលោក Thomas Tuchel បន្ទាប់ពីបានប្តូររូបគេចេញក្នុងជំនួបរវាង Paris Saint-Germain ជាមួយក្រុម Montpellier ។
នៅតង់ទី១ក្រុមអ្នកមានលុយ PSG បានស៊ុតបញ្ចូលទី៣គ្រាប់ទៅលើគូប្រកួតរបស់ខ្លួនដោយកីឡាករ Sarabia, Di Maria និង Congre ដែលធ្វើអោយចូលទីខ្លួនឯង។ ២គ្រាប់បន្ទាប់របស់ PSG នៅតង់ទី២ធ្វើបានសម្រេចដោយ Mbape និង Kurzawa។ ក្រោយពីដឹងថាក្រុមខ្លួនមានសុវត្ថិភាពក្នុងការយកបាន៣ពិន្ទុរួចស្រេចទៅហើយ ទើបអ្នកចាត់ការទូរទៅរបស់ PSG Thomas Tuchel សម្រេចប្តូរ Mbappe ចេញនៅនាទីទី៦៨ដោយជំនួសមកវិញនូវកីឡាករ Icardi។
ពេលដើរចេញពីទីលានប្រកួតគេឃើញកីឡាករវ័យ២១ឆ្នាំរូបនេះបានបញ្ចេញទឹកមុខមិនសប្បាយចិត្តដាក់លោក Tuchel ព្រមទាំងនិយាយយកដៃខ្ទប់មាត់ក្នុងគោលបំណងមិនអោយកាម៉េរ៉ាថតបាន។ រីឯលោក Tuchel បានព្យាយាមយកដៃទាំងពីរទប់ស្មាទាំងសងខាងរបស់កីឡាករខ្សែប្រយុទ្ធរូបនេះព្រមទាំងនិយាយពន្យល់ពីគោលបំណងនៃការសម្រេចចិត្តរបស់លោកថែមទៀតផង។
ក្រោយចប់ការប្រកួតលោក Thomas Tuchel បាននិយាយអោយដឹងថា៖ វាមិនមែនជារូបភាពល្អទេ តែរឿងនេះក៏មិនមែនកើតឡើងលើកទី១នៅក្លិបនេះដែរ។ កាលខ្ញុំនៅ Dortmund ខ្ញុំក៏ធ្លាប់ជួបប្រតិកម្មបែបហ្នឹងដែរ។ ខ្ញុំមិនខឹងទេវាមិនមែនជារឿងសំខាន់អ្វីឡើយ តែខ្ញុំអន់ចិត្តបន្តិចបន្តួចដែរ ។
គួរបញ្ជាក់ថាកីឡាករដ៏មានសារៈសំខាន់របស់ក្លឹប Paris Saint-Germain រូបនេះក៏មានព័ត៌មានផ្សារភ្ជាប់ពីការចង់បានដោយក្លឹបធំចំនួន ២ ដែរគឺអធិរាជស Real Madrid និងហង្សក្រហម Liverpool ស្របពេលដែលកិច្ចសន្យារបស់គេជាមួយ PSG នៅមានសុពលភាពចំនួន២ឆ្នាំទៀត។