ក្រុមអ្នកគាំទ្របិសាចក្រហមមានគម្រោងតវ៉ាបណ្តេញលោក Ed Woodard និងបងប្អូនត្រកូល Glazers ចេញពី Manchester United
(BC-99)
អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United កំពុងរៀបចំផែនការយកថ្ងៃទី ១ កុម្ភៈ ជួបជុំគ្នានៅ Old Trafford ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងម្ចាស់ក្លឹបដែលមានឈ្មោះថា Glazers និងហិរញ្ញិករបស់លោកគឺ Ed Woodard ។
នាជំនួបសប្តាហ៍ទី ២៥ របស់ក្របខណ្ឌ Premier League នៅពេលដែលក្រុមបិសាចក្រហម Manchester United ជួបប្រកួតជើងទី២ជាមួយចចក Wolverhampton ក្រុនអ្នកគាំទ្ររបស់ម្ចាស់ផ្ទះនឹងនាំគ្នាពាក់ម៉ាស់មុខព្រមជាមួយបដាពាក្យស្លោកក្នុងន័យបណ្តេញលោក Ed Woodward ប្រធានប្រតិបត្តិរបស់ក្លឹបក៏ដូចជាម្ចាស់ភាគហ៊ុនធំរបស់ក្លឹបដែលកាន់កាប់ដោយបងប្អូនត្រកូល Glazers ដែលជាមហាសេដ្ឋីរបស់អាមេរិចអោយចុះចេញពីតំណែង។
កំហឹងកាន់តែពុះកញ្ជ្រោលក្នុងដួងចិត្តរបស់អ្នកគាំទ្រក្រុមបិសាចក្រហមបន្ថែមទៀតក្រោយពេលដែលក្រុមមួយនេះបានរងបរាជ័យដោយក្រុម Burnley ដោយលទ្ធផល ២-0។ ការអល់អែករួញរាមិនហ៊ានទិញកីឡាករដែលមានសមត្ថភាពមកចូលរួមក្រុម វាបានបណ្តាលអោយ United កាន់តែធ្លាក់ក្នុងសភាពដុនដាបរហូតដល់សព្វថ្ងៃ។ ជាក់ស្តែងការមិនទិញយក Erling Haaland នាពេលថ្មីៗនេះវាបានធ្វើអោយប្រិយ៍មិត្តគាំទ្រកាន់តែខឹងសម្បារថែមទៀតខណៈពេលដែលកីឡាករសញ្ជាតិ ណ័រវេយ៍ រូបនេះបានស៊ុតបាល់បញ្ចូលទីបានចំនួន ៥ គ្រាប់ក្នុងចំណោម ២ ប្រកួតរបស់ខ្លួន។
ការដេញតាមពីក្រោយ Liverpool ដល់ទៅ ៣០ ពិន្ទុនាពាក់កណ្តាលរដូវកាលវាគឺជារឿងអាក្រក់បំផុតរបស់ក្រុមដែលដឹកនាំដោយ Ole Gunnar Solskjaer ដែលជាអតីតកីឡាករខ្លួន។ ប្រិយ៍មិត្តរាប់ម៉ឺននាក់គ្រងនឹងធ្វើការតវ៉ាមួយនេះអោយធំជាងពេលណាៗទាំងអស់ ព្រោះពួកគេពិតជាមិនចង់ឃើញក្លិបដ៏មានប្រជាប្រិយ៍របស់ខ្លួនធ្លាក់ក្នុងសភាពកាន់តែយ៉ាប់យឺនជាងនេះទេ។