ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជាឆ្នាំនេះ មានតែ១៣ក្រុមប៉ុណ្ណោះចូលរួមប្រកួតប្រជែង
ការប្រកួតបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០/២០២១ នឹងចាប់ផ្តើមប្រកួតជាផ្លូវការនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងនោះក្រុមចូលរួមប្រកួតប្រជែងម្ចាស់ជើងឯកមានតែចំនួនត្រឹម ១៣ក្រុមប៉ុណ្ណោះ ដោយខុសប្លែកកាលពីរដូវកាល ២០១៩ កន្លងទៅ មាន១៤ក្រុម ខណៈដែលក្រុមក្រុមខេត្តកំពង់ចាមត្រូវបានកាត់ចេញពីការប្រកួត។
ជាមួយគ្នានោះ បើយោងតាមកម្មវិធីប្រកួតផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលហៅកាត់ថា FFC បានឱ្យដឹងថា៖ សម្រាប់ការប្រកួតបើកឆាកសប្តាហ៍ទី១ មាន៦ប្រកួត ដោយចាប់ផ្ដើមប្រកួតពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មាន៣ប្រកួតដែលជាការជួបគ្នារវាងក្រុមភ្នំពេញក្រោន ប៉ះជាមួយក្រុមអគ្គិសនីកម្ពុជា ខណៈវិសាខាប៉ះជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រីឯយុវជនបាទី ប៉ះជាមួយក្រសួងការពារជាតិ។ ចំពោះ៣ប្រកួតនាថ្ងៃទី១៦ ខែកុម្ភៈ ដែលមាន៣ប្រកួតដែរនោះ រួមមាន៖ ក្រុមអង្គរថាយហ្គឺ ជួបជាមួយក្រុមបឹងកេត, ក្រុមអាស៊ីអឺរ៉ុប ប៉ះជាមួយក្រុមគីរីវង់សុខសែនជ័យ ខណៈដែលក្រុមការពារម្ចាស់ដំណែងជើងឯករដូវកាល ២០១៩ ព្រះខ័នរាជស្វាយរៀងជួបជាមួយក្រុមសូលទីឡូអង្គរ។
សូមបញ្ជាក់ថា ការប្រកួតលីគបាល់ទាត់កម្ពុជា រដូវកាល ២០២០ នេះ ក្រុមទាំង១៣នឹងត្រូវប្រកួតតាមរូមមន្តសន្សំពិន្ទុសុទ្ធចំនួន២ជើង ក្នុងដី និងក្រៅដី ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ទើបបញ្ចប់ការប្រកួត ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងកតែម្តង៕