លោក Felix G. Dalmas៖ ជម្រើសជាតិកម្ពុជារង់ចាំ ចាន់ វឌ្ឍនាកា ជានិច្ច
បន្ទាប់ពីលឺដំណឹងថាកុមារមាស ចាន់ វឌ្ឍនាកា ខិតខំប្រឹងហ្វឹកហាត់ស្រក់អស់៣គីឡូក្រាម ដំណឹងមួយនេះត្រូវបានប្រិយ៍មិត្តគាំទ្រតារាបាល់ទាត់កម្ពុជារូបនេះបានស៊ែរតៗគ្នា ហើយក៏មានប្រិយ៍មិត្តមួយចំនួនធំរំពឹងថា ខ្សែប្រយុទ្ធរបស់ក្លឹបបាល់ទាត់បឹងកេតរូបនេះនឹងវិលត្រឡប់មកជួយក្រុមជម្រើសជាតិវិញនៅថ្ងៃខាងមុខជាមិនខាន។
ជាក់ស្តែងកាលពីថ្ងៃពុធកន្លងទៅលោក Felix G. Dalmas ដែលជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោកក៏បានធ្វើការឆ្លើយតបនៅមតិបងប្អូនជនរួមជាតិខ្មែរជាច្រើនទាក់ទង់និងកីឡាករ ចាន់ វឌ្ឍនាកា ក្នុងកម្មវិធី “ សំណេះសំណាល់បាល់ទាត់” ដែលបានផ្សាយតាមផេកផ្លូវការរបស់សហព័ន្ធបាល់ទាត់កម្ពុជា ក្នុងនោះលោកបានឆ្លើយនិងនិយាយតបវិញថា៖ កីឡាករ ចាន់ វឌ្ឍនាកា គឺជាកីឡាកដែលមានទេពកោសល្យ មានសមត្ថភាព ក្នុងនាមជាកីឡាករបាល់ទាត់ ហើយមូលហេតុដែលលោកមិនបានជ្រើសរើសកីឡាកររបស់ក្លឹបបឹងកេតរូបនេះចូលក្នុងក្រុមជម្រើសជាតិគឺដោយសារតែបញ្ហារបួស តែសម្រាប់នៅថ្ងៃខាងមុខនេះលោកសង្ឃឹមថា កុមារមាសរបស់កម្ពុជារូបនេះអាចវិលត្រឡប់មកជួយកម្ពុជាវិញបាន ពិសេសសង្ឃឹមថារូបគេនឹងប្រឹងប្រែងហ្វឹកហាត់ ព្រមទាំងត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតបើករដូវកាលខាងមុខនេះ អ្វីដែលពិសេសធ្វើឲ្យបងប្អូនរំភើបនោះគឺសំដីចុងក្រោយរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបាននិយាយថា ក្រុមជម្រើសជាតិនៅរង់ចាំអ្នកជានិច្ច។
គួររំលឹកថា កីឡាករបាល់ទាត់ដែលធ្លាប់មានអ្នកគាំទ្រស្រលាញ់និងពេញចិត្តជាងគេ ចាន់ វឌ្ឍនាកា ត្រូវបានខកខានមិនអាចជួយក្រុមជម្រើសជាតិជាច្រើនកម្មវិធីដោយសារតែបញ្ហារបួស ខណៈដែលមានប្រិយ៍មួយចំនួនក៏បានចោទគ្រូបង្គោលកម្ពុជាថា វឌ្ឍនាកា មិនរបួសអ្វីទេ គឺលោកមិនជ្រើសរើសយកតែម្តង។ ដូច្នេះឆ្នាំចាស់២០១៩ជិនកន្លងផុតទៅ សូមឲ្យឆ្នាំថ្មី២០២០ខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជារបស់យើងសាមគ្គីគ្នាទាំងគ្រូបង្វឹក អ្នកចាត់ការក្រុម និងកីឡាករ រួមគ្នាដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់អោយមានឈ្មោះបោះសំលេងលើឆាកអន្តរជាតិ៕