៣ក្រុមកំពូលៗនៅអង់គ្លេសប្រជែងគ្នាតាមទិញកីឡាករនីហ្សេរីយ៉ា Victor Osimhen
(BC-99)
បើទោះជាកីឡាករវ័យ២០ឆ្នាំ Victor Osimhen នៅជាប់កិច្ចសន្យារយៈពេល៤ឆ្នាំកន្លះទៀតជាមួយក្លិប Lille ក៏ដោយក៏ក្លិបធំៗនៅអង់គ្លេសចំនួន៣រួមមាន Liverpool, Chelsea និងTottenham Hot Spur សុទ្ធតែមានអំណះអំណាងរៀងៗខ្លួនក្នុងការចង់បានខ្សែប្រយុទ្ធដ៏មុតស្រួចរូបនេះ។
ក្លិបទាំង៣ខាងលើនេះត្រូវបានកត់សម្គាល់ដោយសារព័ត៌មានកីឡា Sky Sport ថាបានចំណាយពេលវេលាឃ្លាំមើលវឌ្ឍនភាពរបស់ Victor Osimhen ជាខ្លាំងនាពេលកន្លងមក។
Osimhen បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅរដូវកាលនេះជាមួយនឹងការលេងរបស់គេនៅក្នុងលីកកំពូលរបស់បារាំង។ បើតាមស្ថិតិនៃការស្ទាបស្ទង់ដោយសារព័ត៌មានកីឡាបារាំងបានធ្វើការរាយចំណាត់ថ្នាក់កីឡាករល្អៗក្នុង Lique 1 គេឃើញ Victor Osimhen តាមពីក្រោយ Kylian Mbappe, Memphis Depay និង Wissam Ben Yedder ។
តាមរយៈលោក Frank Lampard តោខៀវ Chelsea អាចនឹងក្លាយជាក្រុមនាំមុខលើ Lioverpool និង Tottenham Hot Spur នៅក្នុងការត្រៀមកញ្ចប់ថវិកាដើម្បីទិញយកកីឡាកររូបនេះមកចូលរួមជួយក្រុមរបស់ខ្លួននៅក្នុងការប្រកួតប្រជែងទាំងក្របខ័ណ្ឌ Premier League និង Champions League។
ដោយឡែកសម្រាប់លោក Jose Mouirinho ឯណោះវិញក៏រំពឹងយ៉ាងមុតមាំផងដែរថា Osimhen នឹងធ្វើការសម្រេចចិត្តបានត្រឹមត្រូវជាពិសេសគឺជាការចូលរួមជាមួយ មាន់ខ្នាយមាស Tottenham Hot Spur ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Champions League កាលពីរដូវកាលមុននេះផងដែរ។