ឆៃ សារ៉ា បន្ថែមមុខរបរថ្មីមួយទៀត បន្ទាប់ពីគុនខ្មែរ
កីឡាករប្រចាំក្លឹបក្រសួងការពារជាតិ ឆៃ សារ៉ា ថ្មីៗនេះទើបតែបន្ថែមមុខរបរមួយទៀតក្រៅពីគុនខ្មែរ គឺជាអ្នកលក់អចលនទ្រព្យដីឡូ ព្រោះវាអាចជួយរកចំណូលចិញ្ចឹមគ្រួសារបានមួយផ្នែកទៀតបន្ទាប់ពីឡើងសង្វៀនប្រកួត។ កូនសិស្សរបស់លោកគ្រូ ធន់ សុភា រូបនេះបាននិយាយប្រាប់ MSR SPORT ឲ្យដឹងថា៖ ការងារជាអ្នកលក់អចលទ្រព្យដីឡូនេះ គឺដោយសារតែមានប្អូនៗដែលរាប់អានគ្នាជាអ្នកណែនាំឲ្យមកធ្វើការងារនេះ ម្យ៉ាញវិញទៀតគីឡូក៏ចេះតែឡើង ហើយចាប់គូមិនសូវបាន ដូច្នេះហើយទើបរូបគេសម្រេចចិត្តបន្ថែមមុខរបរនេះមួយទៀត តែគុនខ្មែរគឺមិនបោះបង់ចោលនោះទេ។ ខ្លាសភ្នំព្រឹករូបនេះ បាននិយាយបន្ថែមទៀតថា មួយរយៈនេះគឺឡូឡើងខ្លាំងមែនទែន ដូច្នេះត្រូវសម្រក់ឲ្យសល់ត្រឹមចន្លោះពី៦៥ទៅ៦៧បានឡើងសង្វៀនវិញបាន ហើយជាចុងក្រោយ សារ៉ា បាននិយាយថា បើមានពុកម៉ែបងប្អូនណាត្រូវការដីឡូល្អៗសូមមេត្តាទាក់ទងមកកាន់រូបគេផ្ទាល់ រូបគេនឹងណែនាំដីឡូល្អៗជូន។
គួររំលឹកថា មួយរយៈចុងក្រោយនេះប្រិយ៍មិត្តដែលនិយមតាមដានការប្រកួតគុនខ្មែរហាក់បីដូចជាមិនសូវឃើញវត្តមានរបស់ ឆៃ សារ៉ា ឡើងប្រកួតញឹកញាប់ដូចពីមុនឡើយ ហើយការប្រកួតចុងក្រោយរបស់គេគឺប្រកួតចាញ់កីឡាករ គួនអូ ក្នុងទឹកដីប្រទេសថៃ៕