Shaw ចំណាយលុយផ្ទាល់ខ្លួនទិញអំណោយចែកអោយបុគ្គលិកបម្រើការងារនៅក្រុមបាល់ទាត់ Manchester United
(BC-99)
Luke Shaw នៅតែបន្តអំពើសប្បុរសរបស់ខ្លួននាអំឡុងថ្ងៃបុណ្យណូអែលតាមរយៈការចំណាយទឹកប្រាក់ផ្ទាល់ខ្លួនដើម្បីទិញអំណោយចែកអោយបុគ្គលិកបម្រើការងាររបស់ក្រុមបិសាចក្រហម Manchester United ហើយនេះគឺជាឆ្នាំទី៣ហើយដែលគេបានធ្វើដូចនេះ។
កីឡាករអង់គ្លេសវ័យ ២៤ ឆ្នាំរូបនេះបានចែកអំណោយដែលគិតជាទឹកប្រាក់ចំនួន ១២.៥០០ផោន ដល់អ្នកបម្រើការងារគ្រប់ៗរូបរបស់ក្រុមបាល់ទាត់បិសាចក្រហមដើម្បីថ្លែងអំណរគុណដល់ពួកគេចំពោះការបំពេញកាតព្វកិច្ចពេញមួយឆ្នាំនៅទីលានហ្វឹកហាត់ Carrington ។
មិនមានអ្វីប្លែកនុះទេដែលអតីតកីឡាករ Southampton រូបនេះបានបង្ហាញពីទឹកចិត្តសប្បុរសរបស់គេនៅពេលនេះ ខណៈដែលគេក៏ធ្លាប់បានចំណាយប្រាក់ចំនួន ៦.០០០ផោន ផងដែរដើម្បីទិញអំណោយចែកបុគ្គលិកក្រុម Manchester United នៅឆ្នាំមុន។
យោងតាមសារព័ត៌មាន Daily Mail បុគ្គលិកបម្រើការផ្នែករើសបាល់ម្នាក់បាននិយាយថា “និយាយដោយយុត្តិធម៌ទៅវាពិតជាល្អណាស់សម្រាប់ Luke Shaw ។ គាត់បានធ្វើវាពីរបីឆ្នាំហើយហើយវាពិតជាល្អប្រសើរណាស់សម្រាប់អ្នករាល់គ្នា។ វាជាទំនាក់ទំនងដ៏ល្អណាស់រវាងពួកយើងហើយនិងគាត់។ អ្នកមើលកន្ត្រកកាដូរទាំងនោះទៅមើល វាមិនថោកនោះទេ”។
Shaw ដែលបានចុះហត្ថលេខារយៈពេល៥ឆ្នាំដោយទទួលបានកម្រៃពលកម្ម ១៩០,០០០ផោន មួយសប្តាហ៍ពី United ធ្លាប់បានទទួលរងរបួសបាក់កជើងក្នុងអំឡុងពេលប្រកួតជាមួយក្រុម PSV ។ ការសម្រាកព្យាបាលរបស់គេគឺមានការលើកទឹកចិត្តយ៉ាងសកម្មពីក្រុមការងារនៅក្រុម Manchester United ដែលរាប់ទាំងអ្នកថែរស្មៅ បោកអ៊ុត ជាដើមដែលបានចូលរួមផ្តល់កម្លាំងចិត្តអោយគេបានមកចូលរួមប្រកួតអោយក្លឹបសារជាថ្មី។