ក្រពះស្រែក មាត់ឃ្លាន បានធ្វើឲ្យអតីតគុនខ្មែរ ផាវ ភឿត មកធ្វើជាគ្រូជំនួយក្នុងខេត្តសៀមរាប
អតីតអ្នកប្រដាល់គុនខ្មែរ ផាវ ភឿត បន្ទាប់ពីបាត់មុខពីសង្វៀនគុនខ្មែរនៅឆ្នាំ២០១៤ ដោយទៅធ្វើជាពលទាហ៊ានការពារដែនដីនៅឯជាយដែនខ្មែរថៃក្នុងខេត្តព្រះវិហារ បានធ្វើឲ្យកេរ្ត៍ឈ្មោះដែលធ្លាប់មាននៅសង្វៀនគុនខ្មែរជាច្រើនឆ្នាំ ត្រូវបានកប់លិចបាត់ទៅតាមពេលវេលា។
កន្លងមកគេធ្លាប់ឃើញវត្តមានរបស់ ផាវ ភឿត បង្ហោះតាមសង្គមហ្វេសប៊ុកដោយស្លៀកពាក់ជាទាហ៊ាន និងបង្ហាញស្នាមញញឹមដាក់មិត្តភ័ក្រ្ត និងអ្នកដែលធ្លាប់ស្គាល់គេតែប៉ុណ្ណោះ។ តែធាតុពិត អតីតអ្នកប្រដាល់ស្បែកស្វិតវ៉ៃមិនចេះឈឺរូបនេះ រកព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ដោយទទឹងរង់ចាំប្រាក់ខែពីទាហ៊ានប៉ុណ្ណោះ។ ក្រពះកូរ មាត់ឃ្លាន ព្រមទាំងចិញ្ចឹមគ្រួសារមិនគ្រប់ បានធ្វើឲ្យអតីតអ្នកប្រដាល់នៅក្លឹបកងពលធំអន្តរាគមន៍លេខបី ប្រាសាទព្រះវិហារ រូបនេះត្រូវបង្ខំចិត្តស្វែងរកការងារបន្ថែមដើម្បីមកផ្គត់ផ្គង់គ្រួសារ ទីបំផុតរូបគេក៏បានទៅធ្វើជាគ្រូជំនួយនៅក្លឹបមួយក្នុងខេត្តសៀមរាប ដោយពុំទទួលបានប្រាក់ខែអ្វីទាំងអស់ តែគោលបំណងធំគឺចង់ធ្វើជាមន្រ្តីចៅក្រមអាជ្ញាកណ្តាលនៅសង្វៀនក្នុងខេត្តសៀមរាប ដែលមានការប្រកួតរៀងរាល់សប្តាហ៍ ជាអកុសលក៏ត្រូវបានគេបញ្ឈប់ទៀត។ ផ្ទុយមកវិញក្តីស្រម៉ៃបានក្លាយជាស្រមោល តែមនុស្សល្អទេវតាមិនដែលទុកចោលនោះទេ ដោយថ្មីៗនេះ ផាវ ភឿត ក៏ត្រូវបានលោកគ្រូ ជា រិទ្ធ ដែលជាម្ចាស់ក្លឹបគុហារព្រហ្មជ័យ បានផ្តល់ឪកាសអោយ ផាវ ភឿត មកធ្វើជាគ្រូជំនួយបង្ហាត់ជាមួយលោកក្នុងក្លឹបគុហារព្រហ្មជ័យក្នុងខេត្តសៀមរាប។
ដោយឡែកលោកគ្រូ ជា រិទ្ធ ក៏បាននិយាយប្រាប់ MSR SPORT ឲ្យដឹងថា៖ លោកអណិតអាសូវដល់ ផាវ ភឿត និងក្រុមគ្រួសារ ដូច្នេះលោកជួយនូវអ្វីដែលលោកអាចជួយបាន ហើយនាថ្ងៃខាងមុខប្រសិនបើអ្វីៗរលូនដោយការគ្រោងទុក លោកនឹងផ្តល់ឪកាសអោយ ផាវ ភឿត អាចដឹកនាំកីឡាករគុនខ្មែរជំនួសលោកចេញទៅប្រកួតនៅក្រៅស្រុក នេះប្រសិនបើលោកមានការរវល់ដកខ្លួនមិនរួច។ សរុបមក ប្រសិនបើមានសប្បុរសជនណាមានចិត្តធម៍អាណិតអាសូរដល់អតីតគុនខ្មែររូបនេះអាចទំនាក់ទំនងជួយឧបត្ថម្ភដល់គាត់និងក្រុមគ្រួសារតាមរយៈលោកគ្រូ ជា រិទ្ធ៕