ស៊ន សៀវម៉ី បង្កើនមហិច្ឆតាយកមេដាយមាសស៊ីហ្គេម៥ជំនាន់ជូនជាតិ

កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ក្នុងប្រភេទទម្ងន់លើស ៧៣ កីឡូក្រាម(រូបភាព: Cambodia Sea Games 2023)
កីឡាការិនី ស៊ន សៀវម៉ី ក្រោយពីដណ្តើមបានមេដាយមាសស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន កញ្ញា ក៏បានបញ្ចេញចំណាប់អារម្មណ៍ថា នឹងព្យាយាមហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពជាបន្តទៀត ក្នុងគោលបំណងដណ្តើមមេដាយមាសជាបន្តនៅស៊ីហ្គេមលើកទី៣១ក្នុងប្រទេសវៀតណាម ការបញ្ចេញចំណាប់អារម្មណ៍បែបនេះគឺបានប្រព្រឹត្តិធ្វើឡើងនៅក្នុងពិធីឧបត្ថម្ភលើកទឹកចិត្តជាប្រាក់រង្វាន់ពីណាហ្គាវើល នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ នៅក្នុងផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវើល។ ស៊ន សៀវម៉ី ក៏បានបន្ថែមទៀតថា សម្រាប់ទៅថ្ងៃខាងមុខទៀត រូបនាងក៏មានគោលដៅចង់យកមេដាយមាសស៊ីហ្គេមឲ្យបាន៥ជំនាន់ រហូតដល់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង ហើយសន្យាថានឹងធ្វើឲ្យបាន ។

កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ក្នុងប្រភេទទម្ងន់លើស ៧៣ កីឡូក្រាម(រូបភាព: Cambodia Sea Games 2023)
គួរបញ្ជាក់ថា ក្រៅពីការកីឡាការិនី ស៊ន សៀវម៉ី ក៏នៅមានការចូលរួមពីម្ចាស់មេដាយមាស៣រូបផ្សេងៗទៀតដែលបានចូលរួមទទួលបានប្រាក់ឧបត្ថម្ភពីណាហ្គាវើល ដូចជា៖ កីឡាករ យ៉ង់ ម៉េងលី ដែលជាម្ចាស់មេដាយមាសលើវិញ្ញាសារ Arnis, ម្ចាស់មេដាយមាសវិញ្ញាសារប៉េតង់៣នាក់ទល់៣នាក់ មានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, អ៊ុន ស្រីយ៉ា,ឃួន យ៉ារី និងដួង ឌីណា, កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា។

កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ក្នុងប្រភេទទម្ងន់ក្រោម ៤៩ កីឡូក្រាម
ជាផ្នែកមួយនៃកិច្ចព្រមព្រៀង “ដំណើរឆ្ពោះទៅរកមេដាយមាស” របស់ណាហ្គាវើល អត្តពលិកមេដាយមាសឯកត្តជនម្នាក់ទទួលបានរង្វាន់ជាទឹកប្រាក់ ៦.០០០ ដុល្លារអាមេរិក ចំណែកឯអត្តពលិកមេដាយមាសក្រុមមួយក្រុមទទួលបានទឹកប្រាក់រង្វាន់ ១០.០០០ ដុល្លារអាមេរិកដែលប្រាក់រង្វាន់នេះកើនឡើងទ្វេដងកាលពីស៊ីហ្គេមលើកមុន។ ជាមួយគ្នានោះ ណាហ្គាវើលដ៍ក៏បានផ្តល់រង្វាន់ជាទឹកប្រាក់ដល់គ្រូបង្វឹករបស់អត្តពលិកមេដាយមាសម្នាក់ៗនូវទឹកប្រាក់ ១.០០០ ដុល្លារអាមេរិក ព្រមទាំងផ្តល់រង្វាន់ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានូវទឹកប្រាក់ ៤.០០០ ដុល្លារអាមេរិកផងដែរចំពោះមេដាយមាសទាំង ៤ ដែលអត្តពលិកទទួលបានដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា៕

កីឡាករគុនល្បុក្កតោ យ៉ុង ម៉េងលី ដែលឈ្នះលើគុន Arnis(រូបភាព: Cambodia Sea Games 2023)

កីឡាការិនីប៉េតង់ជាក្រុម៣ទល់៣ ស្រេង សុរ៉ាឃីម ឃួន យ៉ារី ដួង ឌីណា និងអ៊ុន ស្រីយ៉ា(រូបភាព: Cambodia Sea Games 2023)