ការប្រកួតរបស់ក្លឹបកាំភ្លើងធំ Arsenal និង Manchester City ត្រូវបានដកចេញពីកម្មវិធីទូរទស្សន៍របស់ប្រទេសចិន
(BC-99)
ទូរទស្សន៍រដ្ឋរបស់ប្រទេសចិន CCTV បានសម្រេចលុបចោលនូវការផ្សាយការប្រកួតបាល់ទាត់រវាងក្រុមកាំភ្លើងធំ Arsenal – Manchester City នៅថ្ងៃអាទិត្យនេះពីកាលវិភាគរបស់ខ្លួនបន្ទាប់ពី Mesut Ozil បានសរសេរនៅលើគណនីបណ្តាញសង្គមរបស់ខ្លួនដែលទាក់ទងទៅនឹងការធ្វើបាបជនមូស្លីមអំបូរ អ៊ូហ្គួរ នៅក្នុងប្រទេសចិន។
Ozil ដែលជាអ្នកកាន់សាសនាមូស្លីមដែរនោះបានហៅជនជាតិភាគតិច អ៊ូហ្គួរ នៅក្នុងប្រទេសចិនថាជាវិរបុរសចម្បាំង និងបាននិយាយរិះគន់អំពីការបណ្តែតបណ្តោយរបស់រដ្ឋាភិបាលចិនដែលធ្វើអោយមានការធ្វើទុក្ខបុកម្នេញដល់ជនជាតិភាគតិចទាំងនោះ។ ជានិច្ចជាកាលចិនតែងតែធ្វើការបដិសេធចំពោះការរាយការណ៍ណាមួយទាក់ទងទៅនិងការរំលោភសិទ្ធលើជនជាតិភាគតិច អ៊ូហ្គួរ ដែលកាន់សាសនាមូស្លីមនៅក្នុងដែនដីរបស់ខ្លួន។
សហព័ន្ធបាល់ទាត់ចិនបាននិយាយថាទង្វើរបស់ Ozil គឺមិនអាចទទួលយកបាននិងបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកគាំទ្របាល់ទាត់ Premier League ជាជនជាតិចិន។
CCTV បានធ្វើការផ្សាយជំនួបរវាងក្រុម Tottenham និង Wolves ជំនួសការប្រកួតដ៏ធំប្រចាំសប្តាហ៍ដែល Arsenal ធ្វើជាម្ចាស់ផ្ទះប្រកួតជាមួយក្រុមការពារជើងឯក Premier League រដូវកាលចាស់។