អេលីត ចំរើន ខកខានទៅចូលរួមវិញ្ញាសារ Kickboxing នៅព្រឹត្តិការណ៍ស៊ីហ្គេម នាប្រទេសហ្វីលីពីន
កីឡាករ អេលីត ចំរើន របស់ក្លិប ប៉ែន កាក់ គុនខ្មែរបានខកខានទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នាប្រទេសហ្វីលីពីន លើវិញ្ញាសារប្រដាល់ Kickboxing ដោយសារមានបញ្ហាជំងឺគ្រុនឈាមមុនឡើងយន្តហោះ ។
តាមការបញ្ជាក់ថារបស់លោក ស៊ន អេលីត ដែលជាគ្រូបង្វឹកបានអោយដឹងថា លោកពិតសោកស្តាយចំពោះការខកខានរបស់ អេលីត ចំរើន ក្នុងការចេញទៅប្រកួតស៊ីហ្គេមឆ្នាំនេះ ដោយសាររូបគេមានជំងឺគ្រុនឈាមប្រហែល៥ថ្ងៃមុនការចេញដំណើរ ទៅហ្វីលីពីន នាយប់នេះ ។ លោកបន្ថែមថា ដោយសារការប្រកួតស៊ីហ្គេមមានការពិនិត្យសារធាតុប៉ូវកម្លាំងនិងសុខភាពច្បាស់លាស់ ដូចនេះហើយការព្យាបាលត្រូវប្រុងប្រយ័ត្នខ្ពស់ទើបខាងសហព័ន្ធនិងក្រសួងសម្រេចមិនបញ្ចូន អេលីត ចំរើន ទៅចូលរួម ម្យាងទៀតស្ថានភាពជំងឺរបស់គេទើបតែបានធូរខ្លះប៉ុណ្ណោះ ។
សម្រាប់កន្លែងរបស់ អេលីត ចំរើន មិនអាចផ្លាស់ប្តូរដាក់កីឡាកររូបណាបាននោះទេ ដោយសារឈ្មោះត្រូវបានបញ្ចូនទៅម្ចាស់ផ្ទះហ្វីលីពីនតាំងពីមុនចាប់ផ្តើមព្រឹត្តិការណ៍១៥ ថ្ងៃទៅ ១ខែមុនមកម្ល៉េះ ។ សូមបញ្ជាក់ថា កីឡាករគុនខ្មែរដែលទៅចូលរួមប្រកួតវីញ្ញាសារ Kickboxing រួមមាន ឡៅ ចន្ទ្រា (៦៩) ផល សោភ័ណ្ឌ (៦៣) សុខ សាវិន (៦០) ខេម ចាន់ (៥៤ ) និង ហ៊ីម សេរី (៥១) ៕