Arsenal ពិតជាបញ្ចប់ដំណែង Unai Emery ដូចការដាក់ឱសានវាទកាលពីដើមខែវិច្ឆិការ
(BC-99)
ដូចតាមការដាក់ឱសានវាទដោយក្រុមកិច្ចការស្តារក្លិបកាំភ្លើងធំ Arsenal តាំងពីថ្ងៃទី៤ដើមខែវិច្ឆិការនេះមកម៉្លេះដែលកំណត់អោយលោក Unai Emery ដឹកនាំក្លិបមួយនេះអោយល្អបំផុតចំនួន៤ប្រកួតដើម្បីថែររក្សាមុខដំណែងរបស់ខ្លួន។
ពិតជាគួរអោយខកចិត្តខ្លាំងណាស់ដែលលោក Unai Emery មិនអាចរកជ័យជម្នះសូម្បីតែមួយប្រកួតក្នុងចំណោម៤ប្រកួតចុងក្រោយនេះ ពោលគឺបានប្រើសមត្ថភាពរបស់ខ្លួនដែលបានត្រឹមតែស្មើក្រុម Guimaraes របស់ព័រទុយហ្កាល់ 1-1 នៅក្នុងក្របខណ្ឌ UEL ចាញ់ Leicester 2-0 និងស្មើ Southampton 1-1 នៅ Premier League ជាពិសេសគឺចាញ់ក្នុងទឹកដីខ្លួនឯង 1-2 ដោយក្រុម Eintracht Frankfurt នៅ UEL ម្តងទៀតដែលជាហេតុធ្វើអោយមុខដំណែងជាអ្នកចាត់ការទូរទៅ Arsenal របស់លោកមិនអាចធានាបានតែម្តង។
ការប្រកាសបញ្ចប់មុខដំណែងរបស់លោក Unai Emery នៅក្នុងថ្ងៃនេះក្រុមកាំភ្លើងធំ Arsenal បានប្រកាសអោយដឹងថាវាគឺជារឿងដែលត្រូវតែធ្វើដោយចាំបាច់បំផុត ពួកគេពិតជាមានការសោកស្តាយចំពោះលោក Unai Emery ជាខ្លាំង។ ភ្លាមៗដែរអតីតកីឡាកររបស់ Arsenal Frddie Ljungberg ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្នរហូតដល់ពួកគេអាចរកអ្នកដែលមានសមត្ថភាពមកជំនួសកៅអីលោក Emery បានជាផ្លូវការណ៍។
គួរបញ្ជាក់ដែរថាបុរសសញ្ជាតិអេស្ប៉ាញរូបនេះបានបោះបង់ក្រុម Paris Saints Germain មកដឹកនាំក្រុមកាំភ្លើងធំ Arsenal បានចំនួន១៨ខែដោយជួយអោយ Arsenal ទទួលបានចំណាត់ថ្នាក់លេខ៥នៅក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុននិងកំពុងឋិតនៅចំណាត់លេខ៨ជាបណ្តោះអាសន្នបើគិតត្រឹមសប្តាហ៍ទី១៣នារដូវកាលនេះ។