Alvaro Morata អះអាងថាកាលពីនៅ Chelsea មិត្តរួមក្រុមបានបាត់បង់ទំនុកចិត្តលើរូបខ្លួន
(BC-99)
Alvaro Morata ជឿជាក់ថាអតីតមិត្តរួមក្រុម Chelsea របស់គេបានបាត់បង់ជំនឿលើសមត្ថភាពរបស់ខ្លួននាអំឡុងពេលគេនៅ Stamford Bridge ។
ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះត្រូវបានក្រុមតោខៀវ Chelsea ចុះហត្ថលេខាក្នុងតម្លៃ ៦០ លានផោនកាលពីខែកក្កដាឆ្នាំ ២០១៧ ពីអធិរាជស Real Madrid ហើយកីឡាករអេស្ប៉ាញរូបនេះបានព្យាយាមរកគ្រាប់បាល់បញ្ចូលទីបានចំនួន ២៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៧២ លើក។ នៅជាមួយក្រុមតោខៀវ Chelsea មិនបាន២ឆ្នាំផង គណកម្មការក្លិបក៏បានអនុញ្ញាតឱ្យ Morata ចូលរួមជាមួយ Atletico ក្នុងលក្ខខណ្ឌខ្ចីជើងមុននឹងការដោះដូរជាអចិន្ត្រៃយ៍ធ្វើឡើងនៅដើមរដូវក្តៅនេះ។
កីឡាកររូបនេះបានសារភាពថាគេមានការខកចិត្តនិងបានបាត់បង់ទំនុកចិត្តយ៉ាងខ្លាំងនាអំឡុងពេលដែលគេប្រកបអាជីពនៅ Premier League ។ Morata បានប្រាប់សារព័ត៌មាន COPE ថា“ ខ្ញុំបានបញ្ឈប់ការរីករាយនៅ Stamford Bridge ។ ឥឡូវនេះខ្ញុំសប្បាយចិត្តនិងមានការជឿជាក់លើខ្លួនឯង។ នៅក្នុងការប្រកួតមួយចំនួននៅប្រទេសអង់គ្លេសខ្ញុំមានអារម្មណ៍ដូចថាមិត្តរួមក្រុមរបស់ខ្ញុំ មិនស្គាល់ខ្ញុំច្បាស់នោះទេ ខ្ញុំដឹងថាពួកគេមានមន្ទឹលសង្ស័យលើសមត្ថភាពខ្ញុំ ពួកគេបានគិតថាខ្ញុំលេងបាល់មិនបានល្អឡើយ។ វាបានធ្វើអោយខ្ញុំមិនមានអារម្មណ៍ល្អនោះទេ ហើយគិតពីរឿងការចាកចេញ ព្រោះទីនោះលែងជាផ្ទះដែលកក់ក្តៅទៀតហើយ។ ហើយវាក៏បានជះឥទ្ធិពលមិនល្អចំពោះការទៅលេង World Cup ផងដែរព្រោះវាបានផ្ទុយពីការគិតរបស់ខ្ញុំ” ។
Morata បានបញ្ជាក់បន្ថែមអោយដឹងដែរថាក្រុមដែលមានមូលដ្ឋាននៅឯទីក្រុងឡុងដ៍ក៏កំពុងតែគាបសង្កត់អោយមានការផ្លាស់ប្តូរជាអចិន្ត្រៃយ៍មួយរវាងពួកគេនិងក្លិប AT Madrid នៅអំឡុងខែមករាខាងមុខនេះ សម្រាប់រូបគេវិញក៏មិនមានគោលបំណងចង់ត្រឡប់ទៅកាន់ក្លិប Chelsea វិញដែរពោលគឺគេចង់បន្តវត្តមាននៅរាជធានី Madrid ជាបន្តទៀត។