អេលីត សាន់ នៅចិញ្ចឹមចិត្តចង់ប្រកួតជាមួយ ឈុត សេរីវ៉ាន់ថង ម្តងទៀត
អេលីត សាន់ ដែលនឹងត្រូវដឹកដៃសិស្សប្អូន អេលីត ភក្តី ទៅប្រកួតនៅប្រទេសថៃនាចុងសប្តាហ៍នេះ រូបគេបានត្រៀមខ្លួនរួចរាល់អស់ហើយជាមួយនិងសិស្សប្អូន។ តែអ្វីដែលសំខាន់ធ្វើឲ្យ អេលីត សាន់ ដែលជាកូនសិស្សក្នុងក្លឹបបែនកាក់គុនខ្មែរចង់ប្រកួត និង ចងចាំមិនភ្លេចនោះគឺការប្រកួតជាមួយ ឈុត សេរីវ៉ាន់ថង។ កូនសិស្សរបស់លោកគ្រូ ស៊ន អេលីត រូបនេះធ្លាប់បាននិយាយប្រាប់ MSR SPORT ថា៖ រូបគេនៅតែបានបំណងចង់ប្រកួតជាមួយនិង ឈុត សេរីវ៉ាន់ថង ម្តងទៀត ព្រោះការពីប្រកួតដណ្តើមពានរង្វាន់លោកគ្រូ ម៉ា សេរី រដូវកាលទី៣ ធ្វើឲ្យរូបគេហាក់មិនអស់ចិត្តទាល់តែសោះ។ ដូច្នេះរូបគេស្វាគមន៍ជានិច្ចប្រសិនបើមានសង្វៀនណារៀបចំឲ្យរូបគេប្រកួតជាមួយនិង កូនលោកគ្រូ ឈុត សេរី គេនឹងសុំលោកគ្រូរបស់គេប្រកួតសងសឹងភ្លាម។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ អេលីត សាន់ ត្រូវបានសង្វៀន CNC រៀបចំអោយរូបគេប្រកួតដណ្តើមពានរង្វាន់លោកគ្រូ ម៉ា សេរី រដូវកាលទី៣ជាមួយនិង ឈុត សេរីវ៉ាន់ថង គ្រានោះគឺជាការប្រកួតដ៏ជក់ចិត្តព្រោះវ៉ៃគ្នាមានរាប់ទៅរាប់មក តែជាលទ្ធផល វ៉ាន់ថង គឺជាអ្នកទទួលបានជ័យជំនៈ។ ចាប់តាំងពីថ្ងៃនោះមក អេលីត សាន់ ដេកមិនលក់ បកមិនរហើយ ដោយចិញ្ចឹមចិត្តចង់ប្រកួតជាមួយនិង វ៉ាន់ថង ម្តងទៀតដើម្បីអោយចិត្តដាច់ស្រឡះ៕