អ្នកគាំទ្រ Club Africain រៃអង្គាសប្រាក់គ្នាដើម្បីជួយដោះបំណុលក្លិប
(BC-99)
អ្នកគាំទ្រ Club Africain នាប្រទេស ទុយនីស៊ី បានបរិច្ចាគប្រាក់ដែលពួកគេប្រមូលបានពីការរៃអង្គាសដើម្បីយកមកសង្គ្រោះក្លឹបរបស់ខ្លួនដែលកំពុងតែមានបញ្ហាវិបត្តិហិរញ្ញវត្ថុព្រមទាំងបានជ្រើសរើសអ្នកគាំទ្រពិការភ្នែកម្នាក់ធ្វើជាតំណាងនៃការអង្គាសប្រាក់យកមកឧបត្ថមក្លិបជាទីស្រឡាញ់របស់ពួកគេ។
Club Africain គឺជាក្លឹបបាល់ទាត់ដ៏ចំណាស់ជាងគេទី ២ របស់ទុយនីស៊ីនិងជាក្រុមដ៏ល្បីឈ្មោះមួយនៅទ្វីបអាហ្វ្រិកត្រូវបានសហព័ន្ធកាត់ចំនួន ៦ ពិន្ទុដោយសារតែក្លិបមួយនេះមានបញ្ហាហិរញ្ញវត្ថុដែលបណ្តាលអោយការបើកប្រាក់ខែដល់កីឡាករមានភាពយឺតយ៉ាវ។
ក៏ប៉ុន្តែដើម្បីជួយក្លឹបដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩២០ មួយនេះសហព័ន្ធបាល់ទាត់ទុយនីស៊ី (FTF) បានបង្កើតគណៈកម្មាធិការគ្រប់គ្រងវិបត្តិមួយដើម្បីជួយសង្គ្រោះពីការដាក់ទណ្ឌកម្មបន្ថែម។
កាលពីខែតុលាកន្លងទៅ FTF បានបង្កើតគណនីធនាគារមួយសម្រាប់អ្នកគាំទ្របរិច្ចាគប្រាក់ដើម្បីជួយលុបបំណុលសរុបជិត ៦ លានដុល្លារអាមេរិករបស់ Club Africain។ ការរៃអង្គាសនេះទើបតែប្រកាសបើកជាផ្លូវការកាលពីម្សិលម៉ិញតែប៉ុណ្ណោះ ដោយគិតត្រឹមរយៈពេល ២៤ ម៉ោងគេបានឃើញលុយខ្ទង់ ១ លានដុល្លារអាមេរិកដែលប្រិយ៍មិត្តបាល់ទាត់ Club Africain និងអ្នកស្រឡាញ់បាល់ទាត់ប្រមូលបាន។
គេជឿថាតាមរយៈប្រិយ៍មិត្តដែលបានបរិច្ចាគលុយកាក់ផ្ទាល់ខ្លួននិងមានចំនួនកាន់តែកើនឡើងថែមទៀតនៅពេលខាងមុខនិងឈានដល់ចំនួនដែលក្លិបត្រូវការដើម្បីយកទៅដោះបំណុលនិងរកអ្នកផ្គត់ផ្គង់ឡើងវិញ។