៥ឆ្នាំទៀតទើប Mateo Kovacic អាចចេញពី Chelsea ជាផ្លូវការបាន
ខ្សែបំរើជនជាតិក្រូអាត បានបំពេញបែបបទរួចរាល់ហើយក្នុងការលេងអោយតោខៀវ Chelsea បន្តក្នុងកុងត្រាទិញផ្តាច់ពីអធិរាជស Real Madrid រយៈពេល៥ឆ្នាំ។ Mateo Kovacic ចំណាយពេលមួយរដូវកាលនៅ Stamford Bridge ក្នុងលក្ខ័ណខ្ជីជើងពេញមួយរដូវកាល ហើយក៏ចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ដែលជួយអោយ Chelsea ឈ្នះពាន Europa League ផងដែរ។
ការសំរេចចិត្តផ្លាស់មកកាន់ក្លឹបថ្មីនៅពេលនេះ អាចចាត់ទុកថាជារឿងមួយដ៏ត្រឹមត្រូវសំរាប់ Kovacic ព្រោះនៅ Real Madrid មិនសូវមានកន្លែងទំនេរសំរាប់រូបគេនោះទេ ប៉ុន្តែផ្ទុយទៅវិញការលេងនៅលីកអង់គ្លេសអាចធ្វើអោយរូបគេមានលទ្ធភាពបង្ហាញខ្លួននៅលើទីលានបានច្រើនប្រកួត ក៏ដូចជាទំរង់លេងដែលកំពុងមានការរីកចំរើនផងដែរ។
និយាយទៅកាន់គេហទំព័រផ្លូវការរបស់ Chelsea កីឡាករវ័យ ២៥ឆ្នាំបានបង្ហាញចំណាប់អារម្មណ៏ថា រូបគេពិតជារីករាយក្នុងការមកលេងជាលក្ខណៈខ្ជីជើងពេញមួយរដូវកាលជាមួយតោខៀវ ហើយវាកាន់តែល្អថែមទៀតដែលអាចមានឳកាសក្លាយជាកីឡាករពេញសិទ្ធិនៅទីនេះ។
គួរបញ្ចាក់ថាការផ្លាស់មកកាន់តោខៀវ Chelsea ជាផ្លូវការពេលនេះ កីឡាករជនជាតិក្រូអាតមានតំលៃខ្លួន ជាង៤០លានអឺរ៉ូ សំរាប់កុងត្រារយៈពេល៥ឆ្នាំ៕