សមត្ថភាពកំពុងឡើង រុងណាផា ចង់ប៉ះ ឡៅ ចន្ទ្រា ម្តងទៀតដោយកំណត់ត្រឹមទម្ងន់ ៦៥
ក្រោយសមត្ថភាពកំពុងឡើងខ្លាំងកីឡាករថៃ រុងណាផា ដែលធ្លាប់ចាញ់ក្រោយថ្វីដៃរបស់អាសង្ហា ឡៅ ចន្ទ្រា ទាំងការប្រកួតដណ្តើមពាននិងការប្រកួតម៉ារ៉ាតុង នាពេលកន្លងមកចង់សាកក្បាច់គុនជាមួយអ្នកប្រដាល់ គុនខ្មែរជាថ្មីម្តងទៀតដោយកំណត់ត្រឹមទម្ងន់ ៦៥ គីឡូក្រាម ។
អ្នកប្រដាល់ខេត្តសុរិន្ទ៍ បានរៀបថា បើមានឱកាសចង់ប៉ះ ចន្ទ្រា ម្តងទៀត ប៉ុន្តែសុំកំណត់ទម្ងន់ត្រឹម៦៥ គីឡូ ក្រាម ពីព្រោះការចាញ់កន្លងមកដោយសាររូបគេត្រូវតំឡើងទម្ងន់ប្រកួត ខណៈប្រភេទទម្ងន់ពិតប្រាកដដែលគេប្រកួតបានល្អគឺ ៦៣ ទៅ ៦៥ តែប៉ុណ្ណោះ ដូចនេះបើ ឡៅ ចន្ទ្រា ហ៊ានប្រកួតទម្ងន់ ៦៥ គីឡូក្រាម រូបរីករាយនឹងមកប្រកួតជាថ្មីនៅទឹកដីកម្ពុជាជាមួយ ចន្ទ្រា ។
គួររំលឹកថា ការប្រកួតដណ្តើមពានរង្វាន់ ISI Palm ប្រភេទទម្ងន់ ៦៧គីឡូក្រាម ឡៅ ចន្ទ្រា បានផ្តួល រុងណាផា អោយសន្លប់ក្នុងការប្រកួតវិលជុំ ខណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអាង្ហាបន្តឈ្នះត្រឹមពិន្ទុ ។
សម្រាប់ រុងណាផា មួយរយៈនេះសមត្ថភាពរបស់គេកំពុងឡើងខ្លាំងដោយមកកម្ពុជាគេឈ្នះ មឿង សុខហ៊ុច ខណៈនៅទឹកដីថៃគេឈ្នះមិត្តរួមជាតិ និងទើបបានខ្សែក្រវាត់មួយគ្រឿងផងដែរ ៕