Ole Gunnar Solskjaer កំពុងស្លរឈាមដើររកកីឡាករដែលមានសមត្ថភាពមកជួយបិសាចក្រហមនៅរដូវកាលក្រោយ
លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុម Manchester United កាន់តែស្រែកឃ្លានខ្លាំងលើចំណង់នៃការចង់បានកីឡាករដែលមានសមត្ថភាពពិតប្រាកដមកពង្រឹងក្លឹបក្នុងប្រព័ន្ធប្រយុទ្ធដើម្បីជាជំនួយក្នុងការរកគ្រាប់បាល់បន្ថែម។
គោលដៅបុរសជនជាតិន័រវេស គឺផ្តោតទៅលើខ្សែប្រយុទ្ធកំពូលល្បឿន Gareth Bale របស់អធិរាជស Real Madrid ដែលកំពុងមានរឿងអាស្រូវជុំវិញការដោះដូវកីឡាករនាពេលកន្លងមក។ បិសាចក្រហម Manchester United ក៏ធ្លាប់បានចាប់អារម្មណ៏ និងពេញចិត្តស្ទើរលេបទៅលើសមត្ថភាព Gareth Bale តាំងពីពេលដែលរូបគេនៅជាកីឡាករយុវជនរបស់ Southampton ម៉្លេះ។
ប៉ុន្តែប្រភពខ្លះបាននិយាយថា ManU មិនសូវចាប់អារម្មណ៍ជាមួយកីឡាវ័យចំណាស់ឡើយ ដោយពួកគេដាក់គោលដៅភាគច្រើនទៅលើការចង់បានកីឡាករវ័យក្មេងដែលកំពុងមានសមត្ថភាពទៅវិញ។ ប៉ុន្តែរឿងរ៉ាវនេះវាផ្ទុយស្រឡះពីគំនិតរបស់គ្រូបង្វឹក Ole Gunnar Solskjaer ដែលចង់បានអ្នកនាំលេងដែលមានសមត្ថភាពខ្ពស់ដើម្បីបង្វែរបរិយាកាសនៃការប្រកួតអោយមានភាពរស់រវើកឡើងវិញ។ ហើយគោលដៅនេះសំរាប់ Ole គឺមិនមានការប្រែប្រួលជាដាច់ខាត។
គួរបញ្ជាក់ថា ស្តេចស Real Madrid បានបំបែកកំណត់ត្រាតំលៃខ្លួន ៨៥លានផោន របស់ក្របខ័ណ្ឌ Premier League កាលពីឆ្នាំ ២០១៣ ដើម្បីនាំយក Gareth Bale ពីមាន់ខ្នាយមាស Tottenham Hotspur ទៅកាន់កីឡដ្ឋាន Santiago Bernabeu ក្នុងការប្រជែងលើសមរភូមិវាលស្មៅនៃក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ៕