លោកគ្រូ ប៉ែន ផាត ថា U-22 កម្ពុជាគួរប្រើទម្រង់៤-៣-៣ ពេលប៉ះថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
លោកគ្រូ ប៉ែន ផាត ដែលជាអតីតតារាបាល់ទាត់ឆ្នើមកម្ពុជាដែលធ្លាប់លេងនៅប្រទេសថៃ និងបារាំង បានផ្តល់យោបល់ដល់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំថាគួរប្រើទម្រង់លេង ៤-៣-៣ សម្រាប់ប្រកួតជាមួយជាមួយក្រុមជម្រើសជាតិថៃនាល្ងាចនេះនៅពហុកីឡដ្ឋានជាតិ អូឡាំពិចកម្ពុជា ។
កីឡាករបាល់ទាត់រហ័ស្សនាមពស់កេងកង ប្រាប់អោយដឹងថា៖តាមរយៈការតាមដានខ្លះៗ កន្លងមកលោកយល់ថាការជួបថៃគួរប្រើប្រព័ន្ធលេង ៤-៣-៣ ពីព្រោះដើម្បីពង្រឹងតំបន់ការពារ រួមទាំងតំបន់កណ្តាលមាន៣រូបក្នុងការឡើងចុះជួយគ្នា និងការប្រយុទ្ធ៣រូបនៅខាងលើ ។ លោកបន្ថែមថា នេះត្រឹមតែជាយោបល់លោកតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់នោះគឺគ្រូបង្វឹក Felix ផ្ទាល់សម្រាប់ការរៀបចំ ព្រោះលោកដឹងបានច្បាស់ទាំងកីឡាករនិងគូប្រកួត ។ជាចុងក្រោយលោកបញ្ជាក់ថាគ្មានអ្វីដែលថាមិនអាចទៅរួច នោះទេអោយតែកីឡាករម្នាក់ ខិតខំលេងអោយអស់ពីសមត្ថភាព លោកជូនពរជម្រើសជាតិកម្ពុជាទទួលបានជោគជ័យ ។
គួរបញ្ជាក់ថា នៅឆ្នាំ ១៩៧២ លោក ប៉ែន ផាត បានចេញទៅលេងឲ្យក្លឹបមួយនៅប្រទេសថៃ ហើយក៏ស្នាក់នៅទីក្រុងបាងកកតែម្ដង ។ ប្រជាជនថៃទទួលស្គាល់រូបលោកថា ជាអ្នកលេងបាល់ដ៏ល្អ បន្ទាប់មកចុងឆ្នាំ១៩៧៧លោកក៏បានទៅលេងអោយក្លិបបាល់ទាត់ល្បីៗមួយចំនួន ក្នុងប្រទេសបារាំង និងបានរស់នៅទីនោះផងដែរ ។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U-22 LG CUP 2019 ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ប៉ះ វៀតណាម វេលាម៉ោង ៣ និង ៣០ នាទី ខណៈក្រុមជម្រើសជាតិ កម្ពុជា ជួប ថៃ វេលាម៉ោង ៦ និង ៣០ នាទី និងផ្សាយផ្ទាល់តាមទូរទស្សន៍ MYTV ៕