រឿង សោភ័ណ្ឌ ថា ស៊ីងមុន្នី ជាខ្លាចាស់ពោពេញដោយបទពិសោធ
ក្នុងជំនួបជាមួយជើងខ្លាំងរបស់ប្រទេសថៃ ស៊ីងមុន្នី អ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ បានបញ្ជាក់ថាត្រៀមរួចរាល់អស់ហើយ ដោយមិនអាចមើលស្រាលបានឡើងព្រោះគេជាខ្លាចាស់ពោពេញដោយបទពិសោធក្នុងការប្រកួតលើសង្វៀនធំៗ ច្រើនជាងរូបគេ ។
ដៃភ្លើងជើងរន្ទះបានអោយដឹងថា ៖ ខ្ញុំត្រៀមអោយបានល្អសម្រាប់ការប្រកួតនេះ ពីព្រោះស៊ីងមុន្នីជាខ្លាចាស់ មួយរូបដែលមានបទពិសោធប្រកួតសង្វៀនធំៗជាងរូបខ្ញុំ ហើយក៏ឈ្នះខ្សែក្រវាត់ច្រើនគ្រឿងផងដែរ ។ គេបន្ថែមថា ស៊ីងមុន្នីមានក្បាច់ល្អច្រើនទាំងបច្ចេកទេសទៀតផងដែរ ប៉ុន្តែសម្រាប់ខ្ញុំនឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីយកឈ្នះឲ្យបាន ។
សូមបញ្ជាក់ថា ស៊ីងមុន្នី ស.ស៊ីសុផុន ជាអ្នកប្រដាល់ខេត្តសុរិន្ទដែលបច្ចុប្បន្នមានវ័យ ៣៨ ឆ្នាំ និងកំពុងធ្វើ ជាគ្រូបង្វឹកនៅប្រទេសចិន ខណៈបទពិសោធប្រកួតរបស់គេធ្លាប់ឆ្លងកាត់សង្វៀនធំៗទាំងក្នុងស្រុកនិង ក្រៅ ស្រុក រួមទាំងកម្មវិធី Thai Fight ផងដែរ ។ អ្នកប្រដាល់ថៃ រូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរបាន ម្តង ដោយផ្តួលកីឡាករគុនខ្មែរ វង្ស ណយ អោយសន្លប់ក្នុងទឹកទី៣ កាលពីខែ វិច្ឆិកា ឆ្នា ២០១៨ ។
ម្ចាស់ខ្សែក្រវាត់៨គ្រឿង រឿង សោភ័ណ្ឌ នឹងត្រូវប៉ះ ស៊ីងមុន្នី នៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០១៩ នេះក្នុងកម្មវិធី អ្នកតស៊ូគុនខ្មែរគោជល់ ដែលធ្វើឡើងនៅខេត្ត បាត់ដំបង ម្តុំផ្សារ ភួពុយ ចាប់ពីម៉ោង ៥ ល្ងាចតទៅ ៕