ឯកឧត្តម សៅ សុខា ឧបត្ថម្ភកីឡាការិនីគុនខ្មែរ នូវ ស្រីពៅ ១ពាន់ដុល្លារ
ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាឯកឧត្តម សៅ សុខា បានឧបត្ថម្ភដល់កីឡាការិនីគុនខ្មែរ នូវ ស្រីពៅ ទឹកប្រាក់ចំនួន១ពាន់ដុល្លារ នៅថ្ងៃដែលសិស្សសាលាគុនតាឡីដំរីមានរិទ្ធប្រកួតឈ្នះ កីឡាការិនី Ranini ជនជាតិ Mauritius ក្នុងពិធីសម្ពោធវិមានឈ្នះៗកាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០១៨ ។
យោងតាមការបញ្ជាក់របស់លោក ម៉ាក់ សុខន គ្រូបង្ហាត់នៅក្លិបរបស់កីឡាការិនីមេដាយមាស ថ្នាក់ជាតិសកលឆ្នាំ២០១៨ នេះថា លោកសូមថ្លែងអំណអរគុណដល់ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបានឧបត្ថម្ភដល់ កីឡាការិនី នូវ ស្រីពៅ ចំនួន១ពាន់ដុល្លារ ។
សូមបញ្ជាក់ថា កីឡាការិនី នូវ ស្រីពៅ ជានារីដំបូងគេរបស់ប្រទេសកម្ពុជាដែលមានកំណត់ត្រាពីរម្នាក់ឯង ក្នុងនាមជាអ្នកប្រដាល់គុនខ្មែរដែលហ្វឹកហាត់នៅក្លិប តាឡីដំរីមានរិទ្ធ និងក្លិប Cambodian Top Team នាពេលបច្ចុប្បន្ននេះ ។ កំណត់ត្រាទីមួយគឺ នូវ ស្រីពៅ ជាកីឡាការិនីដំបូងគេបង្អស់ដែលប្រកួតក្នុងកម្មវិធី wlc – world lethwei championship របស់ប្រទេស មីយ៉ាន់ម៉ា ចំនួនពីរប្រកួតឈ្នះម្ចាស់ផ្ទះទាំងពីរប្រកួតហើយមកដល់ បច្ចុប្បន្ននេះមិនទាន់មានកីឡាការិនីរូបណាធ្វើបានដូចរូបនាងនៅឡើយទេ ។
ចំណែកកំណត់ត្រាទីពីរគឺ នូវ ស្រីពៅ ជាកីឡាការិនីដំបូងគេដែលឈ្នះខ្សែក្រវាត់របស់ សហព័ន្ធ ប្រដាល់គុនខ្មែរអន្តរជាតិក្នុងការប្រកួត World Kun Khmer ក្នុងពិធីសម្ពោធវិមានឈ្នះៗ ។ នូវ ស្រីពៅ ក៏ជាកីឡាការិនីជម្រើសជាតិប្រដាល់សកលរបស់កម្ពុជាផងដែរ ដោយកំពុង ហ្វឹកហាត់ជាប្រចាំនៅពហុកីឡដ្ខានជាតិអូឡាំពិក ៕