ស៊ុតចូលថៃ២គ្រាប់ម្សិលមិញ ខ្សែប្រយុទ្ធឥណ្ឌា Sunil Chhetri បំបែកកំណត់ត្រាមួយរបស់ Messi (មានវីដេអូ)
កាលពីម្សិលមិញ ក្រុមជម្រើសជាតិឥណ្ឌាបានយកឈ្នះក្រុមជម្រើសជាតិថៃដោយលទ្ធផល៤ទល់នឹង១នៅការប្រកួតបើកឆាកពូល A ពានរង្វាន់ AFC Asian Cup 2019 ដែលធ្វើឡើងនៅអេមីរ៉េតអារ៉ាប់រួម។
ខ្សែប្រយុទ្ធ Sunil Chhetri ជាអ្នករកគ្រាប់បើកឆាកឲ្យក្រុមរហស្សនាមខ្លាខៀវ មុនពេលក្រុមរហស្សនាមដំរីសឹកតាមបាន១គ្រាប់វិញដោយខ្សែប្រយុទ្ធ Teerasil Dangda យ៉ាងណាក្តី Chhetri ក៏បានបន្ថែមគ្រាប់ទី២របស់ខ្លួននៅវគ្គទី២ មុនពេលខ្សែបម្រើ Anirudh Thapa និង ខ្សែប្រយុទ្ធ Jeje Lalpekhlua បន្ថែមម្នាក់១គ្រាប់ទៀត។
គួរឲ្យដឹងថានេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌាក្នុងរយៈពេល៥៥ឆ្នាំក្នុងពានរង្វាន់ AFC Asian Cup ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងគឺ ក្រោយស៊ុតបញ្ចូលទីបាន២គ្រាប់កាលពីយប់មិញ ខ្សែប្រយុទ្ធ Sunil Chhetri បានវ៉ាខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដោយឡើងមកឈរនៅលេខ២ក្នុងបញ្ជីកីឡាករបច្ចុប្បន្នដែលស៊ុតបានច្រើនជាងគេឲ្យក្រុមជម្រើសជាតិពោលគឺ៦៧គ្រាប់ ខណៈសមាជិករបស់ Barcelona រកបាន៦៥គ្រាប់ ដោយឡែកលេខ១វិញគឺខ្សែប្រយុទ្ធ Cristiano Ronaldo ៨៥គ្រាប់។
នៅក្នុងពូល A ក្រោយបញ្ចប់ការប្រកួតទី១ ឥណ្ឌា ឈរនៅកំពូលតារាងដោយមាន៣ពិន្ទុ ខណៈបារ៉ែនមាន១ពិន្ទុស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះអេមីរ៉េតអារ៉ាប់រួម ហើយថៃបាតតារាង។
ទស្សនាវីដេអូហាយឡាយ៖