ការប្រកួតកីឡាអុកចត្រង្គពានរង្វាន់វិមានអនុស្សាវរីយ៍ឈ្នះ បានរកឃើញម្ចាស់ជ័យលាភីហើយ
បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៍មានបានឲ្យដឹងថា៖ការប្រកួតកីឡាអុកចត្រង្គ និងប្រភេទកីឡាដទៃទៀត ដែលប្រកួតនិងសម្តែងនៅក្នុងឱកាសពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ និងខួប២០ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជារបស់សម្ដេចតេជោ ហ៊ុន សែននោះ បានបញ្ចប់ដោយជោគជ័យហើយ កាលពីយប់ថ្ងៃចន្ទទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។
បន្ទាប់ពីដំណើរការប្រកួតកីឡាអុកចត្រង្គជាច្រើនថ្ងៃមកនោះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរកឃើញម្ចាស់ជ័យលាភី ដែលជាប់ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡការ សួស សំភី មកពីសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, លេខ២ កីឡាករ ផឹម ឌីណា ក្លិបអង្គរធំ ខេត្តសៀមរាប និងចំណាត់ថ្នាក់លេខ៣ បានទៅលើ កីឡាករ ប៊ូ ប៊ុណាម៉ាលីកា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានគូសបញ្ជាក់ដែរថាគ្រប់ប្រភេទកីឡា ដែលNOCC សហការជាមួយសហព័ន្ធកីឡាជាតិនានាបានរៀបចំការប្រកួត និងសម្ដែងជូនភ្ញៀងជាតិ-អន្ដរជាតិទស្សនាកម្សាន្ដ ក្នុងឱកាសអបអរសាទរពិធីសម្ពោធវិមានឈ្នះ ឈ្នះ សុទ្ធតែទទួលបានប្រជាប្រិយភាព និងការគាំទ្រពីមហាជនទាំងប្រភេទកីឡាជំនាញ និងកីឡាមហាជន រហូតមានប្រជាពលរដ្ឋ មួយចំនួនធំបានចូលរួមប្រកួតកម្សាន្ដ ដោយទឹកចិត្តសប្បាយរីករាយ និងបន្សល់នូវអនុស្សាវរីយ៍ជាច្រើនទៀតផង៕