
អតីតគ្រូជម្រើសជាតិកម្ពុជា Lee Tae Hoon ក្លាយជាគ្រូបច្ចេកទេសរបស់ Hoàng Anh Gia Lai F.C. នៅលីគកំពូលវៀតណាម
ប្រកាសចែកផ្លូវជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលថ្ងៃទី ៣១ តុលា ២០១៨ កន្លងទៅថ្មីៗនេះ អតីតគ្រូជម្រើសជាតិកម្ពុជា Lee Tae Hoon ត្រូវបានតែងតាំងជានាយកបច្ចេកទេសរបស់ក្រុមបាល់ទាត់ Hoàng Anh Gia Lai F.C. នៅលីគកំពូលវៀតណាម ក្រោយពីចុះកិច្ចសន្យារយៈពេលមួយឆ្នាំ។
ដោយឡែក Hoàng Anh Gia Lai FC. ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា៖ “ដើម្បីធ្វើការអភិវឌ្ឍន៍ទម្រង់លេងរបស់ក្រុមសម្រាប់រដូវកាលថ្មី យើងបានចុះកិច្ចសន្យាជាមួយលោក Lee Tae Hoon ដោយគាត់នឹងក្លាយជាសមាជិកនៃថ្នាក់ដឹកនាំគ្រូបង្វឹកប៉ុន្តែមិនមែនជានាយកបច្ចេកទេសឡើយ។ ខណៈគ្រូបង្វឹកគឺនៅតែជាលោក Duong Minh Ninh ដដែល”។
គ្រូបង្វឹកវ័យ ៤៧ ឆ្នាំរូបនេះជាមនុស្សម្នាក់គត់ដែលដឹកនាំកម្ពុជា ឈ្នះទាំងអស់នៅវគ្គជម្រុះ AFF Suzuki Cup តាំងពីពាននេះលេងជម្រុះពីឆ្នាំ ២០០៦ មក។ កាលវគ្គជម្រុះឆ្នាំ ២០១៦ លោកដឹកនាំ ឈ្នះទាំង ៣ ប្រកួត គឺ ឈ្នះ ឡាវ ២-១ ឈ្នះ ប្រ៊ុយណេ ៣-០ និង ឈ្នះ ទីម័រខាងកើត ៣-២។ ក្រៅពីនោះលោកត្រូវបានចារឈ្មោះក្នុងប្រវត្តិបាល់ទាត់កម្ពុជា ពេលដឹកនាំគោព្រៃយកឈ្នះ សិង្ហបុរី ២-១ ក្នុងការប្រកួតមិត្តភាពនៅពហុកីឡដ្ឋានជាតិនាខែ កក្កដា ឆ្នាំ ២០១៦ ក្នុងរយៈពេល ៤៤ ឆ្នាំ។
គួរដឹងដែរថា លោក Lee Tae Hoon ចូលកាន់តំណែងជាគ្រូបង្គោលក្រុមជម្រើសជាតិដំបូងនៅ នៅចុងខែ សីហា ឆ្នាំ ២០១០ ដល់ ខែ ឧសភា ឆ្នាំ ២០១២ មុននឹងចូលកាន់តំណែងលើកទី២ ពីឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៧។ បន្ទាប់មក លោក ក៏ទៅដឹកនាំឈុតយុវជន U16 សាលាបាល់ទាត់ជាតិពេល លោក Leonardo Vitorino ចូលកាន់ជាគ្រូបង្គោលក្រុមជម្រើសជាតិ នាឆ្នាំ ២០១៧។
រូបភាព៖ CNCC