កីឡដ្ឋានស្រុកកោះធំនៅជិតផ្លូវជាតិ ប៉ុន្តែមិនហាមការលេងបាល់ដូចនៅកំពង់ឆ្នាំង
ក្រោយពីបានជួសជុលនឹងដាក់សម្ភោធក្នុងអំឡុងខែមិថុនាឆ្នាំ២០១៨កន្លងទៅកីឡដ្ឋានស្តង់ដាអន្តរជាតិ ស្រុកកោះធំបានបើកអោយបានមានការប្រកួតពានរង្វាន់ផ្សេងៗទាំងមិត្តភាពក៏ដូចជាកីឡាមហាជន ដោយមិនមានការហាមឃាត់នោះទេទោះបីទីលាននៅមិនឆ្ងាយពីផ្លូវជាតិលេខ២១យ៉ាងណាក្តី ។
ទាក់ទងទៅនឹងបញ្ហានេះលោក ប៉ុក សុភា តំណាងក្រុមបាល់ទាត់កោះធំហ្វែបស៊ី បានបញ្ជាក់ថា កីឡដ្ឋានបានជួសជុលអស់ទឹកប្រាក់ប្រមាណ៤២ម៉ឺនដុល្លារដោយមានជ្រោមជ្រែងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។ លោកបន្ថែមថា ទីលាននេះ បើកអោយ បងប្អូនប្រជាពលរដ្ឋមកលេងបានគ្រប់គ្នាអោយតែមានការថែ រក្សាសណ្តាប់ធ្នាប់ត្រឹមត្រូវ និងការប្រកួតមានក្រុមកីឡាករមានអាជ្ញាកណ្តាលជាដើម ។ តារាងបាល់ទាត់មានប្រវែង១០៥ ម៉ែត្រ និងទទឹង៦៨ម៉ែត្រ សាងសង់ឡើងតាមស្តង់ដាអន្តរជាតិ កាលពីមុនជាដីលេចទឹកមិនអាចធ្វើការហ្វឹកហាត់បាន និងបច្ចុប្បន្នកីឡដ្ឋាននេះត្រូវបានប្រែក្លាយទៅជាមជ្ឈមណ្ឌលកីឡាមួយយ៉ាងសំខាន់សម្រាប់សិស្សានុសិស្សហ្វឹកហាត់ កីឡាដើម្បីសុខភាព។
សូមបញ្ជាក់ថា ទាក់ទងតារាងបាល់ទាត់នៅជិតផ្លូវធ្វើដំណើរនេះដែរ ថ្មីៗនេះអភិបាលខេត្ត កំពង់ឆ្នាំងទើបចេញលិខិតបញ្ឈប់ការប្រកួតកីឡាបាល់ទាត់ រឺការលេងបាល់ទាត់កម្សាន្តនៅ ទីលានបាល់ទាត់មុខសាលខេត្ត ពីព្រោះដើម្បីបញ្ចៀសការមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងការរំខានការ ធ្វើការរបស់អង្គភាពនៅជុំវិញទីនោះ ៕