បើមិនមានការប្រែប្រួលទេ រឿង សោភ័ណ្ឌ និងប្រកួតសងសឹកជាមួយកីឡាករភូមាម្តងទៀតក្នុងទឹកដីកម្ពុជា(មានវីដេអូនិយាយ)
កាលពីថ្ងៃទី២៩ ខែកញ្ញា ២០១៨កន្លងទៅ កីឡាករកម្ពុជាពីររូបត្រូវបានបញ្ជូនទៅប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសមីយ៉ាន់ម៉ា ក្នុងកម្មវិធី World Lethwei Championship(WLC)គឺ ពេជ្រ ម្ទេសខ្មាំង បានប្រកួតឈ្នះម្ចាស់ផ្ទះមីយ៉ាន់ម៉ា Mite Yine ចំណែកឯ រឿង សោភ័ណ្ឌ ប្រកួតចាញ់កីឡាករម្ចាស់ផ្ទះ Yan Naing Tun ដោយលោកអាជ្ញាកណ្តាលបញ្ឈប់។
បើយោងតាមការនិយាយប្រាប់ឲ្យដឹងផ្ទាល់ពីសំណាក់កីឡាករ រឿង សោភ័ណ្ឌ បានបញ្ជាក់ថា: លោក មាន ស៊ីសារ៉ាម ប្រធានសហព័ន្ធប្រដាល់គុនខ្មែរពិភពលោក ដោយមានការសហការគ្នារវាងឯ.ឧ តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ពិតជាបានអញ្ជើញកីឡាករភូមារូបនេះមកឲ្យខ្ញុំប្រកួតសងសឹកក្នុងទឹកដីកម្ពុជាពិតមែន ហើយបើមិនមានការប្រែប្រួលនោះទេ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ លក្ខណៈគុខខ្មែរប្រកួត៥ទឹក ដោយការប្រកួតនឹងធ្វើនាកីឡដ្ឋានមរតកតេជោ។
គួរបញ្ជាក់ថាអ្នកប្រដាល់គុនខ្មែរកណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ នឹងប្រកួតឲ្យសង្វៀនCBSមួយប្រកួតទៀត បន្ទាប់មករូបគេនឹងសម្រាក់រហូតឲ្យដល់ថ្ងៃប្រកួតនោះតែម្តង ដោយការប្រកួតរវាង រឿង សោភ័ណ្ឌ និង កីឡាករមីយ៉ាន់ម៉ា Mite Yine គឺធ្វើឡើងលើប្រភេទទំងន់៦៩គីឡូក្រាម រួមជាមួយនឹងកីឡាករគុនខ្មែរជាច្រើនរូបទៀតក៏នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៌លំដាប់ពិភពលោកនេះផងដែរ៕(មានវីដេអូនិយាយ)