កង មឿងឆាង រំអុកអ្នកដឹកនាំកីឡាករថៃដើម្បីយករូបគេមកប្រកួតនៅស្រុកខ្មែរ
ក្រោយពីអ្នកប្រដាល់គុនថៃ កង មឿងឆាង ខកខានមកប្រកួតនៅក្នុងប្រទេសកម្ពុជាជាមួយនិងអ្នកប្រដាល់គុនខ្មែរ ឡៅ ចន្រ្ទា ដោយសារតែត្រូវត្រៀមខ្លួនប្រកួតក្នុងទឹកដីខ្លួនឯងនោះ ស្រាប់តែថ្មីៗនេះ ត្រូវបានលោក ថាវិន សដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករថៃនិងបរទេសមកប្រកួតនៅសង្វៀន CBS បានបង្ហើបឲ្យដឹងថា កង មឿងឆាង បានឧស្សាហ៍ផ្ញើសារមកកាន់លោក ដើម្បីឲ្យលោកយករូបគេមកប្រកួតនៅទឹកដីកម្ពុជាម្តងទៀត ហើយឲ្យប្រកួតជាមួយកីឡាករគុនខ្មែរណាក៏បានដែរ ឲ្យតែគីឡូបិនគ្នា។
គួររំលឹកថា កង មឿងឆាង គឺជាកីឡាករលំដាប់ល្បីឈ្មោះមួយរូបក្នុងប្រទេសថៃ ហើយកីឡាកររូបនេះទៀតសោតក៏ធ្លាប់មកប្រកួតជាមួយ រឿង សោភ័ណ្ឌ ម្តងហើយក្នុងជំនួបម៉ារ៉ាតុងដណ្តើមប្រាក់លានគោជល់ តែត្រូវចាញ់ពិន្ទុអ្នកប្រដាល់គុនខ្មែរ ហើយក្រោយមកទៀតក៏ត្រូវមានភារកិច្ចប្រកួតជាមួយអាសង្ហាគុនខ្មែរ ឡៅ ចន្រ្ទា តែក៏ត្រូវបានខកខានវិញ ដោយហេតុផលថា ជាប់រវល់ប្រកួតនៅបាងកក។ ចាប់តាំងពីពេលហ្នឹងមក អ្នកប្រដាល់ថៃរូបនេះក៏មិនមានឈ្មោះមកប្រកួតនៅទឹកដីកម្ពុជាដូចមុនទៀតឡើយ៕