
Thierry Henry បង្ហើបពីមូលហេតុមួយដែលធ្វើខ្លួនមកដឹកនាំនៅ AS Monaco
Thierry Henry បានបង្ហាញខ្លួនជាគ្រូបង្វឹកផ្លូវការរបស់ AS Monaco ក្រោយពីយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការមកជំនួសកៅអីលោក Leonardo Jardim ដែលត្រូវបានបណ្តេញចេញកាលពីពេលថ្មីៗនេះ។
ក្លឹបរបស់មហាសេដ្ឋីរុស្ស៊ីបានបណ្តេញអ្នកចាត់ការជនជាតិព័រទុយហ្គាល់ចេញក្រោយពីដឹកនាំក្រុមកំពុងស្ថិតនៅលេខ៣រាប់ពីបាតតារាង Ligue 1 ដោយរកបាន៦ពិន្ទុតែប៉ុណ្ណោះពីការប្រកួត៩លើក។
អតីតខ្សែប្រយុទ្ធបារាំងបានឲ្យដឹងនៅថ្ងៃបង្ហាញខ្លួនថា៖ “ការចាប់ផ្តើមនៅទីនេះសារជាថ្មីម្តងទៀតគឺសុបិន្តបានក្លាយជាការពិត ព្រោះទីនេះគឺជាកន្លែងដែលខ្ញុំចាប់ផ្តើម ហើយ Monaco ជាផ្នែកដ៏ធំមួយនៅក្នុងបេះដូងខ្ញុំ។ ជាការពិតនៅទីនេះអ្នកមានរឿងជាច្រើនដែលត្រូវដោះស្រាយឲ្យបាន ប៉ុន្តែខ្ញុំរីករាយនឹងការងារនេះ។”
មុននឹងសម្រេចមកដឹកនាំនៅបារាំង Thierry Henry គឺជាជំនួយការរបស់លោក Roberto Martinez ដែលទើបតែនាំឲ្យបែលហ្ស៊ិកទទួលបានចំណាត់ថ្នាក់លេខ៣នៃព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។