ប្រម៉ូតទឺថៃ ប្រាប់អំពីមូលហេតុដែលលោកដាក់ កង មឿងឆាង ឲ្យប្រកួតជាមួយ ឡៅ ចន្រ្ទា
បន្ទាប់ពីបានប្រកួតឈ្នះអ្នកប្រដាល់មកពីប្រទេសថៃ កាំឡៃផេត ដោយពិន្ទុកាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ដោយឡែកនៅចុងសប្តាហ៍អាសង្ហាគុនខ្មែរ ឡៅ ចន្រ្ទា នឹងត្រូវបន្តយុទ្ធនាការគុនខ្មែររបស់ខ្លួនជាបន្តទៀតនៅសង្វៀនCBS ដោយត្រូវប្រកួតជាមួយអ្នកប្រដាល់លំដាប់លេខ៤នៅប្រទេសថៃ កង មឿងឆាង។
គួររំលឹកថា កង មឿងឆាង ធ្លាប់មកប្រកួតនៅប្រទេសកម្ពុជាម្តងរួចហើយ គ្រានោះគឺប្រកួតចាញ់កីឡាករ រឿង សោភ័ណ្ឌ ក្នុងកម្មវិធីដណ្តើមប្រាក់លានគោជល់នៅសង្វៀនCNCដោយមិនអស់ចិត្ត។ តាមពិតទៅ កង មឿងឆាង ត្រូវមកប្រកួតសងសឹកជាមួយ រឿង សោភ័ណ្ឌម្តងទៀត តែដោយសារ រឿង សោភ័ណ្ឌ មានបញ្ហារបួសដៃទើបធ្វើឲ្យការប្រកួតនៅទុកជាមោខៈវិញ។
បើយោងតាមការបញ្ជាក់របស់លោក ថាវិន សដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករថៃនិងបរទេសមកប្រកួតនៅស្រុកខ្មែរ លោកបាននិយាយថា កង មឿងឆាង ពិតជាសាកសមណាស់ក្នុងការប្រកួតមួយកីឡាករគុនខ្មែរ ឡៅ ចន្រ្ទា ទាំងកំពស់ ទាំងសមត្ថភាព សុទ្ធសឹងតែមិនលើសគ្នា ម្យ៉ាងវិញទៀតស្របពេលដែល កង មឿងឆាង ក៏មានបំណងចង់មកប្រកួតស្រុកខ្មែរទៀតនោះ ទើបលោកបានរៀបចំកីឡាករនេះឲ្យប៉ះជាមួយ ឡៅ ចន្រ្ទា តែម្តង។
លោក ថាវិន ក៏បញ្ជាក់បន្ថែមលើនេះថា តម្លៃខ្លួន កង មឿងឆាង បើប្រកួតនៅស្រុកថៃវិញ ទទួលកំរៃបានប្រមាណជាង៣ពាន់ដុល្លារ បើគិតជាលុយបាតគឺជាង ១សែនបាត ឯណោះ តែដោយសារតែលោកចង់អោយកម្មវិធីប្រដាល់គុនខ្មែរមានការកក្រើកនឹងចាប់អារម្មណ៍ពីសំណាក់ពុកម៉ែបងប្អូននៅកម្ពុជា ទើបលោកបានរៀបចំការប្រកួតគូនេះអោយកើតមានឡើងតែម្តង៕
សូមបញ្ជាក់ថា ឡៅ ចន្រ្ទា នឹងត្រូវប្រកួតជាមួយកីឡាករថៃ កង មឿងឆាង ក្នុងកម្មវិធីដណ្តើមប្រាក់លានខារ៉ាបាវនាសង្វៀនCNC ដោយចាប់ផ្តើមផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ ទី29ខែកញ្ញានេះ វេលាម៉ោង២រសៀលតទៅ៕