ក្នុងចំណោមកីឡាករថៃមកប្រកួតពានរង្វាន់ ISI Palm ធ្នូសឹកឡេក ទំនងជាងគេ
ការប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm វគ្គ៣ លើប្រភេទទំងន់៥៧គីឡូក្រាម នឹងចាប់ផ្តើមប្រកួតនៅសង្វៀនស៊ីអិនស៊ី នាដើមខែតុលាខាងមុននេះហើយ ដោយមានបេក្ខភាពខ្មែរ៤រូប និង ថៃ៤រូប ខាងកម្ពុជាមានដូចជា ឈុត សេរីវាត់ថង, សុខធី(កាកា), តាញ់ មករា និង ឡុង ជិន ចំណែកខាងថៃមានដូចជា ធ្នូសឹកឡេក , ភូតាក់វាវ់ ប៉េឡេបុរីរាំ , ស៊ីតប៊ុនមី និង កៅភូដាំ។
មុននឹងការប្រកួតឈានចូលមកដល់នាដើមខែ១០ខាងមុននេះ សង្វៀនស៊ីអីនស៊ី បានរៀបចំអោយពួកគេមួយចំនួនប្រកួតកំដៅសាច់ដុំ ពោលគឺប្រកួតមិត្តភាពអន្តរជាតិនៅចុងសប្តាហ៍ថ្ងៃអាទិត្យនេះតែម្តង ដោយក្នុងនោះ តាញ់ មករា ត្រូវប្រកួតជាមួយ ធ្នូសឹកឡេក , ឈុត សេរីវាន់ថង ត្រូវប្រកួតជាមួយ កៅឡាន ប៉េឡេបុរីរាំ រីឯ ឡុង ជិន ត្រូវប្រកួតជាមួយ កីឡាករមកពីអីរ៉ង់។
ថ្ងៃនេះ MSR សូមបង្ហាញប្រវត្តិមួយចំនួនរបស់ ធ្នូសឹកឡេក បន្តិត ធ្នូសឹកឡេក គឺជាអ្នកប្រដាល់ថៃម្នាក់ដែលធ្លាប់មានឈ្មោះបោះសំលេងនៅសង្វៀនលំភីនីប្រទេសថៃ ដោយកីឡាកររូបនេះក៏ធ្លាប់ជាម្ចាស់ខ្សែក្រវាត់មួយក្នុងសង្វៀនលំភីនីនេះផងដែរ។ ទោះបីសព្វថៃនេះរូបគេខកខានឡើងសង្វៀនលំភីនេះក៏ពិតមែន តែកីឡាករដែលមានកណ្តាប់ដៃរហ័សនឹងកែងពិឃាដរូបនេះនៅតែខ្លាំងលើសង្វៀននានាក្នុងប្រទេសថៃដដែល៕