
តំណែងប្រធានក្រុម Spurs យប់នេះ អាចជា Harry Kane!
អ្នកចាត់ការទូទៅក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino បានបញ្ជាក់នៅថ្ងៃនេះថា តំណែងប្រធានក្រុមមាន់ខ្នាយមាស ដែលធ្លាប់តែប្រគល់ឲ្យអ្នកចាំទីម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក World Cup កីឡាករបារាំង Hugo Lloris នោះ នឹងអាចផ្លាស់ប្តូរ ទៅកាន់កីឡាករប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស Harry Kane វិញ។
ការផ្លាស់ប្តូរនេះ គឺដោយសារតែ Hugo Lloris នៅជាប់រឿងអាស្រូវ ត្រូវប៉ូលីសក្រុងឡុងដ៏ឃាត់ខ្លួន នៅប៉ុស្តិ៍ជាង ៧ម៉ោង និងបង់ប្រាក់ពិន័យជាង ៣០ម៉ឺនផោន ហើយរងការចោទប្រកាន់ពីបទ «បើកបរក្នុងឥទ្ធិពលគ្រឿងស្រវឹង» ទៀត។ ចូលអានព័ត៌មាន Hugo Lloris ត្រូវប៉ូលីសឃាត់ខ្លួន នៅទីនេះ។
ក្រោយជួបករណីខុសច្បាប់នេះ Hugo Lloris បានចេញមុខមកសុំទោសអ្នកគាំទ្រទាំងអស់។ ហើយលោក Mauricio Pochettino ក៏បានយោគយល់ និងបញ្ជាក់ថា ក្លឹបនឹងនៅតែគាំទ្រ Lloris ជានិច្ច គ្រាន់តែពេលនេះ ក្លឹបចង់ឲ្យស្ថានការត្រជាក់សិន។ លោក Pochettino ក៏ចង់ឲ្យ Lloris ឡើងតុលាការឲ្យចប់សព្វគ្រប់សិន ចាំបង្ហាញខ្លួនក្នុងការប្រកួត។ ប៉ុន្តែ Lloris នៅតែមានមុខទៅហ្វឹកហាត់ ហើយធ្វើដំណើរទៅកាន់ទីក្រុង Manchester សម្រាប់ជំនួបរវាង Man Utd និង Tottenham ដែលនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី ២៧សីហានេះ៕