La Liga នឹងមានវត្តមាននៅទឹកដី សហរដ្ឋអាមេរិក និង កាណាដា
ក្របខណ្ឌបាល់ទាត់កំពូលរបស់ប្រទេសអេស្បាញដែលគេស្គាល់ថា La Liga បានប្រកាសជាផ្លូវការក្នុងការរៀបចំការប្រកួតនៅទឹកដី សហរដ្ឋអាមេរិក និង កាណាដា ក្រោមកិច្ចសន្យារហូតដល់ ១៥ឆ្នាំ។
មានអាយុកាល ៨៩ឆ្នាំ នេះជាលើកទី១ក្នុងប្រវត្តិសាស្រ្ត ដែលក្របខណ្ឌបាល់ទាត់ដ៏ល្បីល្បាញពេញពិភពលោកមួយនេះ បានប្រកាសរៀបចំការប្រកួតផ្លូវការនៅទឹកដីបរទេស ជាមួយនិងកិច្ចសន្យា ១៥ឆ្នាំ ដែលបានធ្វើឡើងនៅមុខអ្នកសារព័តមានជាច្រើនក្នុងទីក្រុង New York។
នៅពីក្រោយការរៀបចំព្រឹត្តិការណ៏នេះ ប្រទេសដែលជាដៃគូគឺ សហរដ្ឋអាមេរិក និង កាណាដា និងទទួលបានវិញនៅការរីកចំរើនផ្នែកប្រព័ន្ធផ្សព្វផ្សាយកីឡា សេដ្ឋកិច្ច វប្បធម៍ ជាពិសេសគឺការរីកចំរើនផ្នែកបាល់ទាត់តែម្តង ដែលជាផលប្រយោជន៍យ៉ាងសំខាន់ក្នុងដំណើរឆ្ពោះទៅជាម្ចាស់ផ្ទះ World Cup 2026 ខាងមុខ។
មួយវិញទៀតលីកបាល់ទាត់អាជីពនៅសហរដ្ឋអាមេរិក និង កាណាដា ក៏កាន់តែមានសកម្មភាពផុសផុលខ្លាំងផងដែរ ដែលរំពឹងថា យុវជន គ្រូបង្វឹក និងអ្នកគាំទ្រ អាចមានកំនើនកាន់តែច្រើនឡើង។
គួរបញ្ចាក់ថា ព្រឹត្តិការណ៏នេះត្រូវបានគេដាក់ឈ្មោះថា LaLiga North America ក្រោមកិច្ចសហប្រតិបត្តិការណ៏ពីភាគី អាមេរិក កាណាដា និង La Liga ផ្ទាល់ ដោយគេមិនទាន់បញ្ចាក់ពីតារាងពេលវេលានៃការប្រកួតនៅឡើយទេ។
ហើយរដូវកាលថ្មី 2018/2019 ក្របខណ្ឌកំពូលរបស់អេស្បាញមួយនេះនិងដាក់អោយដំណើរការប្រព័ន្ធប្រតិបត្តិការណ៏ VAR ជាលើកដំបូងផងដែរ ៕