អស់ទាស់! Facebook ផ្សាយបន្តផ្ទាល់ការប្រកួតដំបូងរបស់ Ronaldo លេងឲ្យ Juventus នៅ Serie A
ទំព័រហ្វេសប៊ុក Eleven Sports របស់អង់គ្លេស នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតផ្លូវការលើកដំបូងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo លេងឲ្យក្រុមសេះបង្កង់ Juventus នៅក្របខ័ណ្ឌ Serie A ដោយឥតគិតថ្លៃ។
Eleven Sports នឹងផ្សាយការប្រកួតយ៉ាងហោចមួយសប្ដាហ៍មួយប្រកួតពីការប្រកួត Serie A និង La Liga លើទំព័រហ្វេសប៊ុកចក្រភពអង់គ្លេសរបស់ពួកគេ ជាផ្នែកមួយនៃការផ្ដួចផ្ដើមភាពជាដៃគូជាមួយក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំបំផុតមួយក្នុងលោកនេះ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាននៅថ្ងៃបើកឆាកការប្រកួតក្របខ័ណ្ឌ Italia Serie A ឲ្យក្រុមការពារតំណែងជើងឯកដោយត្រូវជួបជាមួយ Chievo នៅថ្ងៃទី១៩ ខែសីហាខាងមុខ។
គួររំលឹកថា Juventus បានបំពេញការផ្ទេរយក Cristiano Ronaldo ពី Real Madrid ក្នុងតម្លៃ១១២លានអឺរ៉ូកាលពីថ្ងៃអង្គារទី១០ខែកក្កដា ដោយកីឡាករវ័យ៣៣ឆ្នាំខាងលើត្រូវបានគេរាយការណ៍មកថានឹងទទួលបានថ្លៃនឿយហត់៥សែនផោនក្នុងមួយសប្ដាហ៍អំឡុងកិច្ចសន្យា៤ឆ្នាំ។