ក្រុមទាំង៣ដែលបានឡើងមកលេងនៅក្រុមខណ័្ឌកំពូលរបស់អ៊ីតាលី Serie A មានគុណសម្បត្តិយ៉ាងដូចម្តេចខ្លះ?
ក៏មិនខុសអីក្របខណ័្ឌបាល់ទាត់របស់ប្រទេសអង់គ្លេសនិងអេស្ប៉ាញដែរ Serie A របស់ អ៊ីតាលី ក៏បានទទួលសមាជិកថ្មី៣ក្រុមទៀតដែលទើបតែតម្លើងមកពីក្របខណ័្ឌ Serie B ដើម្បីចូលរួមធ្វើការប្រជែងនៅរដូវកាលថ្មី ២០១៨-២០១៩ នេះ។ ក្រុមទាំងនេះរួមមាន Empoli, Parma និង Frosinone ហើយនៅពេលនេះដែរ MSR ក៏សូមលើកយកប្រវត្តិសង្ខេបរបស់ក្រុមទាំងនេះមកជម្រាបដូចតទៅនេះ!
១- Frosinone
គឺជាក្រុមដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩១២ និងមានឈ្មោះពេញថា Frosinone Calcio SRL។ ថ្វីត្បិតតែត្រូវបានបង្កើតមកជាយូរលង់ណាស់មកហើយក្តី តែការបង្ហាញខ្លួននៅក្របខ័ណ្ឌកំពូល Serie A ទើបតែបាន២ដងទាំងលើកនេះតែប៉ុណ្ណោះ ខណៈដែលលើកដំបូងរបស់ពួកគេនៅ Serie A គឺនៅរដូវកាល ២០១៥-២០១៦។
Frosinone មានទីលានមួយសមល្មមដែលមានឈ្មោះថា Stadio Benito Stripe ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ១៦២២៧កៅអី។ ក្រុមដែលប្រើប្រាស់ឯកសណ្ឋានពណ៍លឿងនៅក្នុងផ្ទះមួយនេះធ្លាប់បានត្រូវកាត់ចេញទៅកាន់ក្របខណ័្ឌ Serie C ដោយសារតែមានវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ១៩៩៩ រួចក៏ជ្រុលខ្លួនធ្លាក់ដល់ក្របខណ័្ឌ Serie D នៅឆ្នាំ២០០០។ វឹលមកកាន់រដូវកាលថ្មីនេះវិញ Frosinone បានត្រលប់មក Serie A សារជាថ្មីបន្ទាប់ពីទទួលបានចំនាត់ថ្នាក់លេខ3នៅ Serie B កាលពីរដូវកាលមុននិងបានប្រកួត Play Off ឈ្នះក្រុម Cittadella និងក្រុម Palermo។
២- Parma
បើទោះជាទើបតែឡើងមកកាន់ Serie A ដោយសារចំណាត់ថ្នាក់លេខ២សារជាថ្មីតែ Parma ធ្លាប់ជាក្រុមបាល់ទាត់មួយដ៏លេចធ្លោរដែលបានបានឈ្នះពានរង្វាន់ UEFA Cup ចំនួន២លើកផងដែរនៅឆ្នាំ ១៩៩៥ និង១៩៩៩។ គេក៏បានកាន់កាប់ពានរង្វាន់អឺរ៉ុបពីរប្រភេទផ្សេងទៀតផងដែរគឺ European Cup Winner Cup និង European Super Cup នៅឆ្នាំ ១៩៩៣។ នៅអ៊ីតាលីវិញ Parma បានឈ្នះពាន Coppa Italia ចំនួន៣ដងផងដែរ។
ទីលាន Stadio Ennio Tardini ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ២២៣៥៩ កៅអីរបស់ពួកគេធ្លាប់បានចារឈ្មោះ Hernan Crespo ជាវិរៈបុរសដែលជាអ្នកស៊ុតចូលច្រើនជាងគេអោយក្លិបផងដែរនាអំឡុងឆ្នាំ ១៩៩៦-២០០០ និង ២០១០-២០១២។
៣- Empoli
៩៨ឆ្នាំហើយដែលក្រុមបាល់ទាត់មួយនេះបានបង្កើតឡើង។ Empoli មានរហ័សនាមដូចទៅនិងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីដែរគឺ Azzurri ដែលមានន័យថា ពណ៌ខៀវ ឬក៏ទ័ពខៀវ។ ចាប់តាំងពីបង្កើតឡើងកាលពីឆ្នាំ១៩២០មក ក្រុមមួយនេះមិនដែលឈ្នះពានរង្វាន់អ្វីជាដុំកំភួនទេក្រៅពីឈ្នះជាម្ចាស់ជើងឯកក្របខណ័្ឌ Serie B បានពីររដូវកាលកាលពីឆ្នាំ ២០០៥ និងឆ្នាំ ២០១៨នេះ។ ប្រវត្តិល្អមួយទៀតរបស់ Empoli គឺបានទៅលេងនៅក្នុងក្របខណ័្ឌ UEFA Cup វគ្គ Play Off កាលពីឆ្នាំ ២០០៨ តែក៏ត្រូវចាញ់ក្រុម Zurich ២-៤ ក្នុងលទ្ធផលសរុបទាំងពីរជើង។
Empoli មានកីឡដ្ឋានផ្ទាល់ខ្លួនដែលមានឈ្មោះថា Stadio Carlo Castellani ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ១៦២៨៤កៅអីផងដែរ។
សូមរង់ចាំតាមដានក្រុមចំនួន៣ផ្សេងទៀតដែលបានឡើងមកលេងនៅក្របខណ័្ឌកំពូលរបស់អាឡឺម៉ង់ Bundesliga ។