ស៊ីថូ ណាថាន់៖ CBS ផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ FIFA World Cup 2018 បញ្ចប់ដោយភាពជោគជ័យ
រយៈពេល១ខែពេញអ្នកស្រលាញ់បាល់ទាត់ទូទាំងសកលលោករួមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់បានធ្វើការអបអរសាទរដល់ក្រុមជម្រើសជាតិបារាំងដែលក្លាយជាម្ចាស់ជើងឯក ក្រោយពីបានយកឈ្នះក្រុមជម្រើសជាតិក្រូអាតនៅវគ្គផ្តាច់ព្រ័តនៃការប្រកួតបាល់ទាត់ពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីដោយលទ្ធផល៤ទល់នឹង២។
សម្លេងហ៊ោរកញ្ចៀវតាមរយៈការទស្សនាតាមកញ្ចក់ទូរទស្សន៍រួមជាមួយនឹងការផ្តល់ជាមតិយោបល់ក្រោយការប្រកួតផ្សេងៗតាមរយៈបណ្តាញសង្គមធំៗចំពោះព្រឹត្តិការណ៍ដែលធ្វើឡើង៤ឆ្នាំម្តង CBS ដែលមានស្ថានីយ៍ទូរទស្សន៍ចំនួន៣ (CTN, CNC & MYTV) គឺជាក្រុមហ៊ុនតែមួយគត់ប្រចាំប្រទេសកម្ពុជាដែលទទួលបានសិទ្ធផ្សាយបន្តផ្ទាល់បាល់ទាត់ពិភពលោលផ្តាច់មុខពីប្រទេសរុស្ស៊ី ដោយក្រុមហ៊ុនបានបញ្ចប់នូវការផ្សាយបន្តផ្ទាល់នេះដោយភាពជោគជ័យចំនួន៣សម័យកាលខុសគ្នា ពោលគឺឆ្នាំ២០១០ធ្វើឡើងនៅអាហ្រ្វិកខាងត្បូង, ឆ្នាំ២០១៤ធ្វើនៅប្រទេសប្រេស៊ីល និង ឆ្នាំ២០១៨នេះធ្វើនៅប្រទេសរុស្ស៊ីវិញម្តង។
ក្នុងនោះក្រុមអ្នកអត្ថាធិប្បាយរបស់ CBS ចំនួន៧រូបក៏ជាផ្នែកមួយដែលបានកំដរអារម្មណ៍ដល់ទស្សនិកជនដោយបានរៀបរាប់នៅរឿងរ៉ាវនីមួយៗក៏ដូចជាសកម្មភាពផ្សេងៗអំពីការប្រកួតនីមួយៗរហូតដល់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជាការលើកទឹកដល់ពិធីករទាំង៧រូបម្នាក់ចំនួន១ពាន់ដុល្លាសហរដ្ឋអាមេរិកផងដែរ ស្របពេលដែលមានមតិរិះគន់អំពីការអត្ថាធិប្បាយមួយចំនួនក៏កើតមានឡើងហើយក្រុមពិធីករទាំង៧រូបក៏បានធ្វើការសូមអភ័យទោសចំពោះកំហុសខុសឆ្គងផ្សេងៗដែលកើតមានឡើងដោយអចេតនាផងដែរ។
ទោះបីជាយ៉ាងណាក្តីបើយើងក្រឡេកមើលក្រុមហ៊ុនទូរទស្សន៍ជាង២០នៅក្នុងប្រទេសកម្ពុជា CBS គឺជាក្រុមហ៊ុនឈានមុខគេតែមួយគត់ក្នុងការបង្កើតកម្មវិធីប្លែកៗទាំងកម្មវិធីកម្សាន្ត, ព័ត៌មាន រួមទាំងកម្មវិធីកីឡាផងដែរ។ ដោយឡែកសម្រាប់ផ្នែកកីឡាវិញតាំងពីជំនាន់លោក ម៉ា សេរី ដែលជាស្ថាបនិកកម្មវិធីកីឡាទាំងអស់ប្រចាំ CBS ដែលដំបូងមានត្រឹមតែស្ថានីយ៍មួយ (CTN) រហូតបានបង្កើតជាស្ថានីយ៍ធំៗចំនួន២ទៀត (MYTV & CNC) ដែលផ្នែកកីឡាបានរីកចម្រើនជាបន្តបន្ទាប់។ បើទោះបីជាលោកមិនមានវត្តមាននាពេលបច្ចុប្បន្ននេះ ប៉ុន្តែគ្រាប់ពូលដែលដាំផ្ទាល់ដៃរបស់លោក ម៉ា សេរី កំពុងតែលូតលាស់កំពុងតែបន្តបង្កើតកម្មវិធីកីឡាជាច្រើនទៀតសម្រាប់ CBS
បើតាមឲ្យដឹងពីលោក ស៊ីថូ ណាថាន់ ដែលជាប្រធានផ្នែកកីឡាប្រចាំ CBS បានប្រាប់មកកាន់ក្រុមការងារ MSR Sport ថា៖ “កម្មវិធីប្រដាល់ចំនួន២ឈុតទៀតនឹងកើតឡើងនៅខែសីហា និង ខែកញ្ញា ខាងមុខនេះទៀតបន្ថែមពីលើកម្មវិធីប្រដាល់ចំនួន៣ដែលកំពុងតែដំណើរការ។ ដោយឡែកក្រោយពីបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup 2018 ទៅ ការផ្សាយបន្តផ្ទាល់បាល់ទាត់ក្របខ័ណ្ឌកំពូលអង់គ្លេស English Premier, UEFA Champion League និង UEFA Europa League ក៏នឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ រួមជាមួយនឹងការផ្សាយបន្តផ្ទាល់ពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកនារីផងដែរ។”
គួរបញ្ជាក់ថា ក្រោយពីបញ្ចប់ការផ្សាយបន្តផ្ទាល់ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ពេញរយៈពេល១ខែបានដោយជោគជ័យ CBS នឹងបន្តធ្វើការផ្សាយបន្តផ្ទាល់បាល់ទាត់ក្របខ័ណ្ឌកំពូលអង់គ្លេស English Premier, UEFA Champion League និង UEFA Europa League ដែលជាឆ្នាំទី៣ ក្រោយពីទទួលបានសិទ្ធផ្សាយបន្តផ្ទាល់ផ្តាច់មុខនៅប្រទេសកម្ពុជាតែម្តង។