Zlatan និង Beckham ភ្នាល់ឌឺដងគ្នា ក្នុងជំនួប អង់គ្លេស-ស៊ុយអែត
នៅព្រឹកមិញនេះ គេបានឃើញ Zlatan Ibrahimovic អតីតកីឡាករជម្រើសជាតិស៊ុយអែត បបួល David Beckham អតីតកីឡាករជម្រើសជាតិអង់គ្លេស ភ្នាល់គ្នា សម្រាប់ជំនួប ស៊ុយអែត ជាមួយអង់គ្លេស វគ្គ ៨ក្រុមចុងក្រោយ លើបណ្តាញសង្គមផ្លូវការរបស់គាត់។ ហើយភ្លាមៗ គេក៏ឃើញ David Beckham តបមកវិញ ដោយទទួលសំណើរភ្នាល់គ្នានោះ។
Ibrahimovic ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបបាល់ទាត់មួយនៅអាមេរិក បានសរសេរជាភាសាអង់គ្លេស លើទំព័របណ្តាញសង្គមរបស់គាត់ ដោយរួមមានដូចជា Facebook, Instagram, Twitter ថា ៖ «Yo! David Beckham ប្រសិនបើអង់គ្លេសឈ្នះ ខ្ញុំនឹងប៉ាវឯងញុំាអាហារពេលល្ងាច នៅហាងណាក៏បានដែរទូទាំងពិភពលោកដែលឯងចង់ញុំា ប៉ុន្តែប្រសិនបើស៊ុយអែតឈ្នះ ឯងត្រូវទិញនូវអ្វីដែលខ្ញុំចង់បានពីហាង IKEA។ យល់ព្រមទេ?»។
(IKEA ជាហាងលក់គ្រឿងសង្ហារឹម និងបរិក្ខាផ្ទះបាយ ធំជាងគេលើពិភពលោក)
ភ្លាមៗ David Beckham ក៏តបវិញជាភាសាអង់គ្លេសថា ៖ «Zlatan Ibrahimovic ប្រសិនបើស៊ុយអែតឈ្នះ ខ្លួនខ្ញុំផ្ទាល់នឹងនាំឯងទៅហាង IKEA ហើយទិញឲ្យឯងនូវអ្វីដែលឯងចង់បាន សម្រាប់ផ្ទះថ្មីរបស់ឯង នៅ Los Angeles ប៉ុន្តែពេលដែលអង់គ្លេសឈ្នះវិញ ខ្ញុំចង់ឲ្យឯងមកមើលការប្រកួតណាមួយរបស់អង់គ្លេសនៅកីឡដ្ឋាន Wembley ដោយឯង ត្រូវពាក់អាវជម្រើសជាតិអង់គ្លេស ហើយញ៉ាំត្រី និងដំឡូងចំណិត នៅពេលពាក់កណ្តាលតង់»។
គួរជម្រាបជូនថា Ibrahimovic និង Beckham គឺជាមិត្តភក្តិដ៏ជិតស្និទ្ធនឹងគ្នា តាំងពីពេលគេទាំង ២លេងនៅក្លឹបបារាំង Paris Saint-Germain។ បច្ចុប្បន្ន Ibramovic លេងឲ្យ Galaxy របស់អាមេរិក ដែល Beckham ធ្លាប់ចំណាយពេល ៥ឆ្នាំ នៅទីនោះ ។ ជាការកត់សម្គាល់ អ្នកទាំង ២ ពុំដែលនាំក្រុមជម្រើសជាតិរបស់ខ្លួនឡើងដល់វគ្គ ៤ក្រុមចុងក្រោយនោះទេ ក្នុងការប្រកួតដណ្តើមពានរង្វាន់ពិភពលោក World Cup៕