Liverpool បញ្ជាក់ថា Mo Salah សម្រេចបន្តកុងត្រារយៈពេលយូរជាមួយហង្សក្រហម
ក្លឹបបាល់ទាត់ Liverpool បានបញ្ជាក់ថាឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah បានសម្រេចបន្តកុងត្រា ក្នុងរយៈពេលយូរ ជាមួយក្លឹប។ យ៉ាងណាក៏ដោយ ក្លឹបមួយនេះ នៅមិនទាន់បានបញ្ជាក់ពីចំនួនរយៈពេលពិតប្រាកដ និងតំលៃខ្លួននោះទេ។
សូមរម្លឹកថា កីឡាករអេហ្ស៊ីបរូបនេះ បានសម្រេចផ្លាស់ប្តូរវាសនារបស់ខ្លួន បន្ទាប់ពីផ្លាស់ចេញពីក្លឹប AS Roma មកកាន់ Liverpool កាលពីប្រមាណមួយឆ្នាំមុន។ Mohamed Salah ជាកីឡាករ ដែលធ្វើឲ្យប្រធានក្លឹប និងគ្រូបង្វឹក លោក Jurgen Klopp ពេញចិត្តខ្លាំងណាស់ ព្រោះគ្រាន់តែការបង្ហាញខ្លួនបាន ៥២ដង គាត់អាចរកគ្រាប់បាល់បានដល់ទៅ ៤៤គ្រាប់ ហើយក្លាយជាម្ចាស់ស្បែកជើងមាស Golden Boot និងទទួលបាននាមជាកីឡាករឆ្នើមប្រចាំឆ្នាំ (Player of the Year) ក្នុងរដូវកាល ២០១៧-២០១៨។
ទោះបីជាមិនអាចធ្វើបានល្អ នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ World Cup នៅរុស្ស៊ី កាលពីពេលថ្មីៗនេះ ប៉ុន្តែកីឡាករវ័យ ២៦ឆ្នាំរូបនេះ ត្រូវបានសហគមន៍បាល់ទាត់អាហ្វ្រិក ឲ្យពានរង្វាន់គាត់ថា ជាកីឡាករអាហ្វ្រិកប្រចាំឆ្នាំ និងរង្វាន់ BBC’s African Player of the Year តាមរយៈការជួយនាំក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប ឲ្យបានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ World Cup៕