
ឪពុកតារាបាល់ទាត់រុស្ស៊ីម្នាក់ថាMo.Salahមិនមែនជាគីឡូកីឡាករឆ្នើមសម្រាប់World Cupនៅរុស្ស៊ីទេ
នៅថ្ងៃបើកឆាកការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក World Cup កាលពីថ្ងៃទី ១៤មិថុនាកន្លងទៅ ប្រិយមិត្តប្រាកដជាចាំបានថា រុស្ស៊ី ជាម្ចាស់ផ្ទះ បានប្រកួតឈ្នះ ក្រុមអារ៉ាប៊ីសាអូឌីត ដោយលទ្ធផល ៥ទល់នឹង០ ហើយកីឡាករ Denis Cheryshev ស៊ុតបាន ២គ្រាប់ក្នុងចំណោមបាល់ ៥គ្រាប់នោះ។ អ្វីដែលពិសេសនោះគឺកីឡាករ Denis Cheryshev គឺជាកូនប្រុសរបស់អតីតកីឡាករជម្រើសជាតិរុស្ស៊ីឈ្មោះ Dmitri Cheryshev។
Denis Cheryshev ដែលស៊ុតបញ្ជូលទីបាន២គ្រាប់ឲ្យរុស្ស៊ី កាលពីសប្តាហ៍មុន។
Dmitri ដែលជាឪពុក និងជាអតីតកីឡាករម្នាក់របស់ជម្រើសជាតិរុស្ស៊ី ហើយបច្ចុប្បន្នក៏ជាគ្រូបង្វឹកក្រុមបាល់ទាត់មួយនៅរុស្ស៊ី បាននិយាយនៅមុនការប្រកួតយប់នេះ ដែលរុស្ស៊ី ត្រូវជួបជាមួយ អេហ្ស៊ីបថា Mohamed Salah មិនស្ថិតក្នុងចំណោមកីឡាឆ្នើមសម្រាប់ World Cup នៅរុស្ស៊ីនោះទេ។ ការលើកឡើងនេះ គឺបន្ទាប់ពីមានការប្រកាសយ៉ាងច្បាស់ថា ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរបស់អេហ្ស៊ីប Mo Salah បានជាសះស្បើយ ១០០ភាគរយ ហើយអាចចូលប្រកួតនៅយប់នេះបាន។ សូម្បីតែ Salah ខ្លួនឯង ក៏បានបង្ហោះសារលើ Facebook បញ្ជាក់ថា គេពិតជាអាចចូលលេងបាន ហើយនឹងមិនធ្វើឲ្យប្រជាជនអេហ្ស៊ីបជាង ១០០លាននាក់អស់សង្ឃឹមដូចលើកមុននោះទេ។
Dmitry Cheryshev (ឆ្វេងជាឪពុក) និង Denis Cheryshev (ស្តាំជាកូនប្រុស)។
ប៉ុន្តែបើតាមលោក Dmitri Cheryshev អេហ្ស៊ីប ដែលលេចធ្លោរតែ Salah ម្នាក់នោះ នឹងមិនអាចធ្វើអ្វីរុស្ស៊ីបាននោះទេ។ ហើយ Salah មិនមែនជាកីឡាដែលមានថ្វីជើងដូច Lionel Messi, Cristiano Ronaldo និង Harry Kane នោះទេ។ លោក Dmitri៖ «គាត់ជាកីឡាករល្អ ប៉ុន្តែមិនមែនលំដាប់ពិភពលោក ដែលអាចទទួលបានស្បែកជើងមាសពី World Cup នោះទេ។ ពេលនេះ ជាវេលារបស់ Ronaldo, Messi, Neymar ហើយប្រហែលជា Kane»។
សូមបញ្ជាក់ថា Mohamed Salah មិនបានចូលលេងក្នុងប្រកួតដំបូងរបស់អេហ្ស៊ីប វគ្គជម្រុះក្នុងពូល A នោះទេ ហើយជាលទ្ធផលអេហ្ស៊ីប ប្រកួតចាញ់ អ៊ុយរ៉ាហ្កាយ ដោយលទ្ធផល ១ទល់នឹង០៕