
គ្រូបង្វឹកប្រេស៊ីល ថា Neymar មិនទាន់ជាស្រួលបួលទេ តែអាចលេងបានខ្លះៗ
គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល លោក Tite បាននិយាយថា Neymar មិនទាន់ជាស្រួលបួល ១០០ភាគរយទេ ប៉ុន្តែគេអាចលេងក្នុងតួនាទីផ្សេងបានខ្លះៗ។ ការលើកឡើងរបស់គ្រូបង្វឹកប្រេស៊ីលនេះ គឺនៅមុនពេលដែលក្រុមសាំបាប្រេស៊ីល ត្រូវប្រកួតលើកដំបូងក្នុងវគ្គជម្រុះពូល E របស់ខ្លួន ជាមួយក្រុមស្វីស នៅយប់ថ្ងៃអាទិត្យនេះ។
គួររម្លឹកជូនថា កីឡាករតំលៃខ្លួនថ្លៃបំផុតលើលោកមួយនេះ បានរងរបួសបាក់ឆ្អឹងជើង តាំងពីខែកុម្ភៈ ហើយគេបានចូលរួមលេងសមជើងជាមួយក្រុមជម្រើសជាតិប្រេស៊ីល បានតែ ២ប្រកួតប៉ុណ្ណោះមុនពេល World Cup នៅរុស្ស៊ីចាប់ផ្តើម។ ក្នុងការប្រកួតសមជើង ទាំង ២ប្រកួត ខ្សែប្រយុទ្ធរបស់ Paris Saint Germain រកគ្រាប់បាល់ បានដល់ទៅ ៥គ្រាប់។
លោក Tite និយាយថា៖ «គាត់ (Neymar) មិនទាន់ជា ១០០ភាគរយទេពេលនេះ ប៉ុន្តែគាត់មានគុណសម្បត្តិនៃរាងកាយល្អ ហើយល្បឿនរបស់គាត់នៅតែលឿន។ ខ្ញុំសង្ឃឹមថា គាត់នឹងជាសះស្បើយមែនទែន នៅថ្ងៃអាទិត្យនេះ។ ដូច្នេះដើម្បីប្រការហេតុការណ៍អាក្រក់ណាមួយ យើងទុកគាត់ឲ្យលេងបម្រុង»។
សូមបញ្ជាក់ថា ក្នុងការប្រកួតបាល់ទាត់ World Cup 2018 ដែលរុស្ស៊ី ធ្វើជាម្ចាស់ផ្ទះ ប្រេស៊ីល ស្ថិតនៅក្នុងពូល E ដែលមានកូស្តារីកា ស៊ែបី និងស្វីស។ អ្វីដែលគ្រប់គ្នាចង់ឃើញពីប្រេស៊ីលនៅពេលនេះ គឺការស្តារមុខមាត់ឡើងវិញ បន្ទាប់ពីបានប្រកួតចាញ់ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ក្នុងទឹកដីខ្លួនឯង កាលពី World Cup 2014 ក្នុងលទ្ធផល 1-7៕