អាមេរិកខាងជើង ៣ប្រទេស ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ World Cup 2026
បេក្ខភាពអាមេរិកខាងជើង រួមមានអាមេរិក កាណាដា និងម៉ិចស៊ិកូ ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បោះឆ្នោតជ្រើសតាំង នៅថ្ងៃពុធទី ១៣មិថុនា ឆ្នាំ ២០១៨ នៅក្រុងម៉ូស្គូ ឱ្យធ្វើជាម្ចាស់ផ្ទះប្រកួតពានរង្វាន់ពិភពលោក នៅឆ្នាំ២០២៦។ ជាការបោះឆ្នោត ដែលផ្តល់លទ្ធផលសោកស្តាយដល់ប្រទេសម៉ូរ៉ូកូ ដែលបានដាក់បេក្ខភាពជាលើកទី៥ មកហើយ នៅតែទទួលបានសម្លេងតិចតួចដដែល។ម៉ូរ៉ូកូ បានដាក់បេក្ខភាព នៅឆ្នាំ ១៩៩៤, ១៩៩៨, ២០០៦, ២០១០ និង ២០២៦ តែបរាជ័យគ្រប់ពេល។
នេះគឺជាលើកទីមួយហើយដែលសហព័ន្ធបាល់ទាត់ពិភពលោក ធ្វើការជ្រើសរើសបេក្ខជន តាមរយៈការបោះឆ្នោតសកល ដោយមានការចូលរួមពីសំណាក់សមាជិកសហព័ន្ធទាំងអស់ ចំនួន២០៧នាក់។ ជាលទ្ធផល បេក្ខភាពអាមេរិកខាងជើង បានឈ្នះនាំមុខ តាំងពីជុំទីមួយ ដោយមានសំឡេងគាំទ្រដល់១៣៤សំឡេង (៦៧%) ទល់ ៦៥ (៣៣%) សំឡេង ចំពោះបេក្ខភាពម៉ូរ៉ូកូ និងមានតែសំឡេងអនុប្បវាទតែមួយ។
ថ្វីបើបេក្ខភាពរបស់ម៉ូរ៉ូកូ មានលក្ខណៈទាក់ទាញខ្លាំង និងមានការគាំទ្រពីប្រទេសធំៗ ជាច្រើនដូចជាបារាំង ឬសហព័ន្ធបាល់ទាត់អាហ្វ្រិកក្តី ក៏ម៉ូរ៉ូកូ នៅតែគ្មានសំណាង អាចធ្វើម្ចាស់ផ្ទះរៀបចំបាល់ទាត់ពិភពលោកបាន។ បញ្ហាបច្ចេកទេស ជាចំណុចខ្សោយខ្លាំងរបស់ម៉ូរ៉ូកូ ដែលមានជាអាទិ៍ ចំនួនកីឡដ្ឋាន និងបញ្ហាសន្តិសុខ។ ម៉ូរ៉ូកូ មានកីឡដ្ឋានតែ១៥ ចំណែកអាមេរិកខាងជើង មានដល់ទៅ ២៣រួចស្រេចទៅហើយ។ ហើយជាពិសេសនៅឆ្នាំ២០២៦ ជាលើកទីមួយ ការប្រកួតបាល់ទាត់ World Cup នឹងមានការចូលរួមដល់ទៅ ៤៨ក្រុម។ ជាព្រឹត្តការណ៍ដែលមានទ្រង់ទ្រាយធំមិនធ្លាប់មាន។ ដូច្នេះហើយបានជាសមាជិកសហព័ន្ធបាល់ទាត់មិនហ៊ានប្រថុយប្រថានលើម៉ូរ៉ូកូ។
គួរជម្រាបជូនថា ក្រុមប្រទេសអាមេរិកខាងជើង មានគ្រោងប្រមូលចំណូលឱ្យបាន ១៤ពាន់លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ World Cup 2026៕