ពៅ សក្ត័សិទ្ធ បង្ហាញមុខប្រពន្ធជនជាតិជប៉ុនជាផ្លូវការនឹងកូនប្រុសរបស់ខ្លួនអាយុជាង១ឆ្នាំ
បន្ទាប់ពីឡើងតុលាការលេងលះគ្នាដាច់ស្រាច់ជាមួយប្រពន្ធរួចមក ពេលនេះ ពៅ សក្ត័សិទ្ធ បានបង្ហាញមុខប្រពន្ធជាជនជាតិជប៉ុនជាផ្លូវការនឹងកូនប្រុសរបស់ខ្លួនអាយុជាង១ឆ្នាំ ខណៈពេលដែលកូនសិស្សរបស់លោក មាស សុខគ្រី កំពុងមានវត្តមាននៅស្រុកខ្មែរ ហើយកីឡាកររូបនេះក៏នឹងត្រៀមវិលទៅកាន់ប្រទេសជប៉ុនវិញនៅចុងខែឧសភានេះ។
គួរបញ្ជាក់ផងដែរថា ពៅ សក្ត័សិទ្ធ គឺជាអ្នកប្រដាល់គុនខ្មែរមួយរូបដែលមានឈ្មោះបោះសំលេងអស់រយះពេលជាង១០ឆ្នាំមកហើយ ដោយរូបគាត់ធ្លាប់ហ្វឹកហាត់ជាមួយលោក មាស សុខគ្រី នៅក្លឹបប្រដាល់តាព្រហ្មមានជ័យ បន្ទាប់មក ពៅ សក្ត័សិទ្ធ ក៏មានបេសកម្មទៅបង្ហាត់គុនខ្មែរនៅប្រទេសជប៉ុនអស់មួយរយះ កំឡុងពេលធ្វើជាគ្រូបង្វឹកគុនខ្មែរនៅប្រទេសជប៉ុន សក្ត័សិទ្ធ ក៏មានការប្រកួតមួយចំនួនក្នុងប្រទេសជប៉ុន ហើយនៅពេលដែលរូបគាត់វិលត្រឡប់មកកាន់ស្រុកខ្មែរវិញ គាត់ក៏មានឪកាសបង្ហាញក្បាច់គុនម្តងកាលផងដែរ ដោយមានឈ្នះនឹងចាញ់។
គួររំលឹកផងដែរថា ពៅ សក្ត័សិទ្ធ ធ្លាប់មានប្រពន្ធជាជនជាតិខ្មែរ ដែលកន្លងមកកីឡាករគុនខ្មែររូបនេះ តែងតែយកមកតាមនៅពេលដែលធ្វើការប្រកួតម្តងៗ បុ៉ន្តែមួយរយះក្រោយមកនេះ ស្នេហារបស់គាត់ក៏មានការប្រេះឆា ហើយក៏មានការឡើងតុលាការលេងលះគ្នា។
ពៅ សក្ត័សិទ្ធ ក៏បានបញ្ជាក់ថា ខណះពេលដែលរូបគាត់ទៅបង្ហាត់គុនខ្មែរនៅប្រទេសជប៉ុននោះ រូបគាត់ក៏បានចាប់ដៃគ្នាជាប្តីប្រពន្ធនៅប្រទេសជប៉ុន ហើយក៏មានចំណងដៃនូវកូនប្រុសមួយខួបនេះ គាត់ក៏បានបញ្ជាក់បន្ថែមថា នៅពេលដែលគាត់វិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញនៅចុងខែនេះ រូបគាត់នឹងត្រៀមខ្លួនចូលជាសញ្ជាតិជប៉ុនផ្លូវការនូវប្រមាណជាងមួយឆ្នាំទៀត។
ហើយសព្វថ្ងៃនេះ សក្ត័សិទ្ធ គឺជាគ្រូប្រដាល់គុនខ្មែរបង្ហាត់ជនជាតិជប៉ុននៅកោះកៃដូ ជាតំបន់ត្រជាក់ ដែលមានក្លឹបច្រើនទាំងខ្មែរទាំងថៃ ហើយគាត់ក៏បានស្គាល់ប្រពន្ធរបស់គាត់នៅទីនោះ នៅពេលដែលភរិយារបស់គាត់យកចិត្តទុកដាក់ចង់ស្គាល់គុនខ្មែរ ។ ពៅ សក្ត័សិទ្ធ មានគំរោងនឹងព្យាយាមផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរអោយទូលំទូលាយដល់ជនជាតិជប៉ុន ហើយរូបលោកក៏មានបំណងសហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរ ដើម្បីនាំយកកីឡាករគុនខ្មែរទៅប្រកួតនៅប្រទេសជប៉ុន ដោយសារតែមានការទំនាក់ទំនងគ្នាជិតសិទ្ធជាមួយអ្នកប្រដាល់ជប៉ុន និងអ្នករៀបចំកម្មវិធីនៅប្រទេសជប៉ុនមួយចំនួនដែលពួកគេស្រលាញ់វិស័យសិល្បះគុនខ្មែរ៕