ការប្រកួត​ដ៏​ជក់ចិត្ត​​​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គុនខ្មែរ​ជើង​ឯក​ពិភពលោក​ទាំង​ ៥ គូ​បាន​ធ្វើ​ឱ្យ​​សង្វៀន​ទាំង​មូលកក្រើក​ដោយ​សំឡេង​ហ៊ោរកញ្ជ្រៀវ​ និង​ស្នូរ​ទះ​ដៃ​​របស់​អ្ន្​កគាំទ្រ។

មិន​ខុស​ពី​ព្រឹត្តិការណ៍​ទី ១ ការប្រកួត​ទាំង ៥ គូ​កាល​ពី​ថ្ងៃទី ២៧ ខែ​កក្កដា ឆ្នាំ ២០២២ ម្សិល​មិញ​នេះ សុទ្ធ​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អង្គុយ​នឹង​កៅអី​លែង​ជាប់​ ខណៈ យ៉េន ឌីណា​ បាន​ផ្តួល​គូ​ប្រកួត​​ជនជាតិ​ឥណ្ឌា​ឱ្យ​អាជ្ញាកណ្តាល​បញ្ឈប់​​​​ក្នុង​​ទឹក​ទី ៣។ ដោយ​ឡែក ​ ​ការប្រកួត​រវាង​កីឡាករ​គុនខ្មែរ​​ ឈឿន ល្វៃ និង​កីឡាករ​​អង់គ្លេស​បាន​អង្រួន​សង្វៀន​បី​ទឹក​ពេញ​តែម្តង។ ជាលទ្ធផល ឈឿន​ ល្វៃ បាន​យក​ឈ្នះ​​ការប្រកួត​ប្រកបដោយភាព​មុះមុត​អង់អាច ដោយ​វាយ​សន្ធប់​លើ​កីឡាករ​អង់គ្លេស​យ៉ាង​ខ្លាំង​។

លទ្ធផល​បីគូ​ផ្សេង​ទៀត​​រួម​មាន៖

  • កីឡាករ ឃីម បូរ៉ា យក​ឈ្នះ​កីឡាករ​ថៃ ហឺរីខែន ដោយ​ពិន្ទុ
  • កីឡាករ អេអមរិន ភូថង យក​ឈ្នះ​កីឡាករ​អ៊ីរ៉ង់ មហាមេដ អេសមេអ៊ីល ដោយ​ពិន្ទុ
  • កីឡាការិនី ទូន ស្រីពីន ចាញ់​កីឡាការិនី​ប្រេស៊ីល ប្រាបារ៉ា ដោយ​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​ក្នុង​ទឹក​ទី៣

ជាកំណត់​សម្គាល់​តាមរយៈ​ការបង្ហាញ​អារម្មណ៍​របស់​ទស្សនិកជន​ ឃើញ​ថា​កំពូលព្រឹត្តិការណ៍​ប្រដាល់​ គុនខ្មែរ​ជើងឯក​ពិភពលោក នាំ​មក​ជូន​ដោយ គោជល់ ដែល​បាន​ធ្វើ​ឡើង​ពីរ​លើក​រួច​មកហើយ​​នេះ​ ការប្រកួត​នីមួយៗ​សុទ្ធ​តែ​​​ជ្រើស​រើស​កីឡាករ​លំដាប់​ប្រទេស​​ពី​ជុំវិញ​ពិភពលោក ​មក​ធ្វើ​​ការ​ប្រកួត​​​យ៉ាង​អស់​ពី​សមត្ថភាព ដែល​ធ្វើ​ឱ្យ​គ្រប់​ការប្រកួត​ទាំង​មិត្តភាព និង​ដណ្តើម​ខ្សែ​ក្រវាត់​មាន​ការតស៊ូ​យ៉ាង​ស្វិតស្វាញ​មិន​ចាញ់​ការប្រកួត​វគ្គផ្តាច់​ព្រ័ត្រ​ឡើយ។

សូមបញ្ជាក់​ផងដែរ​ថា​ព្រឹត្តិការណ៍​ប្រកួត​លើក​ទី៣ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១០ ខែ​សីហា ឆ្នាំ​ ២០២២ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​ ​ផ្សាយ​ផ្ទាល់​តាមរយៈ​កញ្ចក់ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន និងហ្វេសប៊ុក​ Red Bull Cambodia ចាប់ពីម៉ោង ៥ ​ល្ងាច​តទៅ​ដដែល។